ទារកមិនគ្រប់ខែចំនួន៣១ទារកដែលត្រូវបានគេជម្លៀសចេញពីសង្រ្គាមនៅ GAZA ទៅកាន់ប្រទេសអេហ្ស៊ីបកាលពីឆ្នាំ២០២៣បានវិលមកជួបជុំឳពុកម្តាយរបស់ពួកគេវិញហើយ

ក្រុមទារកតូចៗមិនគ្រប់ខែមួយក្រុមដែលត្រូវបានគេជម្លៀសចេញដោយសារសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសបានវិលត្រឡប់មករកគ្រួសាររបស់ពួកគេវិញហើយនៅថ្ងៃចន្ទនេះ ប្រកបដោយភាពរីករាយយ៉ាងខ្លាំង ប៉ុន្តែក៏មានការព្រួយបារម្ភអំពីអនាគតរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សាដែលបានផ្លាស់ប្តូរទៅជាវាលស្លាកស្នាមនៃសង្រ្គាមដែរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ស្រ្តីជាម្តាយៗបានជួបប្រជុំគ្នាដោយបង្ហាញចំណាប់អារម្មណ៍ខ្លីៗជាមួយទារករបស់ពួកគេនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងរ៉ាហ្វា មុនពេលពួកគេត្រូវបានផ្ទេរទៅកាន់ប្រទេសអេហ្ស៊ីបដើម្បីថែទាំសុខភាពបែបឯកទេស។ នាង Nour al-Banna មិនអាចទាក់ទងកូនស្រីភ្លោះរបស់នាងបានទេ នៅពេលដែលពួកគេស្ថិតនៅខាងក្នុងមន្ទីរពេទ្យ Shifa ដែលយោធាអ៊ីស្រាអែលបានស្វែងរកមជ្ឈមណ្ឌលបញ្ជាការហាម៉ាស ដែលពួកគេអះអាងថាមានទីតាំងនៅក្រោមមន្ទីរពេទ្យផ្លូវការ។ នាងបាននិយាយថា “ថ្ងៃនេះ ខ្ញុំបានឃើញពួកគេជាលើកដំបូងចាប់តាំងពីថ្ងៃដែលខ្ញុំបានសម្រាលកូនខ្ញុំមក”។ មន្ត្រីសុខាភិបាលបាននិយាយថា ទារកមិនគ្រប់ខែចំនួន ៣១ទារក ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ត្រូវបានគេផ្ទេរដោយសុវត្ថិភាពពីមន្ទីរពេទ្យ ខណៈដែលអ្នកជំងឺជាង ២៥០នាក់ទៀត ដែលមានរបួសឆ្លងមេរោគធ្ងន់ធ្ងរ និងស្ថានភាពបន្ទាន់ផ្សេងទៀតនៅតែជាប់គាំងជាច្រើនថ្ងៃដែរ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានចូលទៅក្នុងបរិវេណនោះដើម្បីស្វែងរកក្រុមប្រតិបត្តិការហាម៉ាស។ ទារកទើបនឹងកើតមកពីមន្ទីរពេទ្យមួយ ជាកន្លែងដែលអគ្គិសនីត្រូវបានកាត់ផ្តាច់ និងការផ្គត់ផ្គង់អស់រលីង ខណៈដែលកងកម្លាំងអ៊ីស្រាអែលក៏បានបើកការប្រយុទ្ធគ្នាជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅខាងក្រៅដែរ ដូច្នេះការទទួលថែទាំបន្ទាន់នៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្គាហ្សាបានធ្វើឡើងជាបន្ទាន់។ ស្ថានភាពលំបាករបស់ទារក រួមជាមួយនឹងការទាមទាររបស់អ៊ីស្រាអែលប្រឆាំងនឹងមន្ទីរពេទ្យ Shifa បានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៅក្នុងសង្គ្រាមដ៏បំផ្លិចបំផ្លាញរវាងអ៊ីស្រាអែល និងហាម៉ាសបាត់ទៅហើយ។ ការវិលត្រឡប់របស់ពួកគេពីប្រទេសអេហ្ស៊ីបនៅថ្ងៃចន្ទនេះ បាននាំមកនូវពេលវេលាដ៏កម្រមួយនៃសេចក្តីរីករាយសម្រាប់ពលរដ្ឋជាឪពុកម្តាយដែលកំពុងរស់នៅក្នុងតំបន់ដែលរងការបំផ្លាញភាគច្រើន និងជាកន្លែងដែលប្រជាជនភាគច្រើនត្រូវបានផ្លាស់ទីលំនៅជាច្រើនដង ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត៕

សម្រួលអត្ថបទ៖ សុផារិន្ទ