បច្ចុប្បន្ន ថ្លៃបារីដែលដាក់លក់នៅលើទីផ្សារកម្ពុជាមានតម្លៃទាបបំផុតត្រឹមតែ ១,៥០០៛ ក្នុងមួយកញ្ចប់ ដែលធ្វើឱ្យកុមារ និងយុវជនអាចទិញបារីបានយ៉ាងងាយស្រួល។ នៅពេលកុមារ និងយុវជន ញៀនបារីតាំងពីវ័យក្មេង ពួកគេងាយប្រឈមនឹងផលប៉ះពាល់សុខភាព ប៉ះពាល់ការវិវឌ្ឍន៍ខួរក្បាល សមត្ថភាពក្នុងការបំពេញការងារចុះអន់ថយ និងនាំទៅរកការប៉ះពាល់ដល់ធនធានមនុស្សដ៏មានតម្លៃសម្រាប់ការកសាង និងការពារជាតិនាពេលបច្ចុប្បន្ន និងពេលអនាគត។
ដើម្បីបង្ការ និងទប់ស្កាត់ផលប៉ះពាល់ពីការប្រើប្រាស់បារី កម្ពុជាគួរពិចារណាដំឡើងអាករ ពិសេសលើបារី ដើម្បីឱ្យថ្លៃបារីកើនឡើង ដែលអាចកាត់បន្ថយលទ្ធភាពទិញបារីរបស់កុមារ និងយុវជន។ ការដំឡើងអាករពិសេសលើផលិតផលបារី គឺជាវិធានការ «ឈ្នះ-ឈ្នះ» ដែលមិនត្រឹមតែជួយឱ្យរដ្ឋាភិបាលទទួលបានចំណូលបន្ថែម ដើម្បីរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយអត្រាអ្នកកើតជំងឺ និងការស្លាប់មុនអាយុរបស់ប្រជាពលរដ្ឋដោយសារការជក់បារីផងដែរ។ លើសពីនេះទៀត ការកើនថ្លៃបារី ក៏រួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋាភិបាលលើ បសស និងប្រព័ន្ធសុខាភិបាលផងដែរ ព្រោះមានអ្នកជក់បារីតិចជាងមុន ការកើតជំងឺក៏មានអត្រាទាប ជាងមុន។
កន្លងមក មានការលើកឡើងពីភាគីឧស្សាហកម្មថ្នាំជក់ ដើម្បីជំទាស់នឹងការដំឡើងអាករ ពិសេសលើបារី ដោយអះអាងថា កម្ពុជាគួរផ្តោតលើការទប់ស្កាត់បារីខុសច្បាប់ មុនការដំឡើងអាករ ពិសេស ព្រោះបារីខុសច្បាប់នៅកម្ពុជាមានអត្រារហូតដល់ជាង ៥០%។
ប៉ុន្តែ យោងតាមលទ្ធផលសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញតួលេខខុសពីការ អះអាងខាងលើ។ ការសិក្សាបានរកឃើញថា អត្រាបារីខុសច្បាប់មានចំនួន ១៥% ក្នុងឆ្នាំ ២០២៥ និង ថយចុះ មកនៅត្រឹម១៣,៦% នៅពាក់កណ្ដាលឆ្នាំ ២០២៦ ទាបជាអត្រាមធ្យមនៃបារីខុសច្បាប់ ក្នុង ប្រទេសកំពុងអភិវឌ្ឍន៍ ១៦.៨% ទៅទៀត (ការសិក្សារបស់ Joossens, Merriman, Ross និង Raw (2009) How Eliminating the Global Illicit Cigarette Trade Would Increase Tax Revenue and Save Lives) ប្រទេសខ្លះទៀតមានអត្រាអាករពិសេសលើបារីទាប តែនៅតែមានអត្រាបារីខុសច្បាប់ខ្ពស់។
គិតត្រឹមឆ្នាំ២០២៦កម្ពុជាបានខកខានការដំឡើងអាករពិសេសលើបារីអស់រយៈពេលប្រមាណ ១១ឆ្នាំមកហើយ។ ទោះជាយ៉ាងណា តម្លៃបារីមួយចំនួននៅលើទីផ្សារបានកើនឡើងជាបន្ត បន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ការមិនដំឡើងអាករពិសេសឱ្យស្របតាមការកើនឡើងនៃតម្លៃ និងស្ថានភាពសេដ្ឋកិច្ច អាចធ្វើឱ្យរដ្ឋខកខានឱកាសក្នុងការបង្កើនចំណូលពន្ធ ព្រមទាំងកាត់បន្ថយប្រសិទ្ធភាព នៃគោលនយោបាយពន្ធថ្នាំជក់ក្នុងការកាត់បន្ថយការប្រើប្រាស់បារី។
ប្រទេសក្នុងអាស៊ានភាគច្រើន បានដំឡើងអាករពិសេសជាច្រើនដង ជាអាទិរ៍ ហ្វីលីពីនបានដំឡើងអាករពិសេស៧ដង សិង្ហបុរី២ដង ថៃឡង់២ដង វៀតណាម២ដង ពីឆ្នាំ២០១៦ដល់ឆ្នាំ ២០២៥។ ការដំឡើងអាករពិសេសលើបារី ត្រូវបានបញ្ជាក់ដោយភស្តុតាងវិទ្យាសាស្ត្រថា ជាវិធានការ ឈ្នះ ឈ្នះ ព្រោះរដ្ឋាភិបាលទទួលចំណូលពន្ធបន្ថែម រីឯជំងឺពិការភាព និងមរណភាពដោយសារជំងឺ ដែលបណ្តាលមកពីជក់បារី ថយចុះ បើធៀបនឹងបណ្តាប្រទេសអាស៊ាន កម្ពុជាស្ថិតក្នុងចំណោម ប្រទេសដែលមានបន្ទុកពន្ធសរុបលើបារីទាបជាងគេ ត្រឹមតែ២៥% នៃថ្លៃលក់រាយ បើធៀបនឹងប្រទេសសិង្ហបុរី៧១% និងប្រទេសប៊្រុយណេ៦២%ជាដើម។
កម្ពុជាក៏នៅឆ្ងាយពីអត្រាដែលផ្តល់អនុសាសន៍ ដោយអង្គការសុខភាពពិភពលោក ឱ្យយកពន្ធយ៉ាងតិច៧៥% នៃថ្លៃលក់រាយ។
គូសបញ្ជាក់ផងដែរថា នៅកម្ពុជាមានប្រជាពលរដ្ឋ ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ 33% នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ទាបបំផុត៕



