ថ្នាលឌីជីថលគាំពារសង្គមកម្ពុជាបានពង្រីកវិសាលភាពដល់ខេត្តព្រៃវែង ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម
ក្រុមប្រឹក្សាជាតិគាំពារសង្គម បានសហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំ “ពិធីប្រគល់-ទទួលសម្ភារឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តព្រៃវែង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង, ថ្នាក់ដឹកនាំដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍, មន្ត្រីរដ្ឋបាលខេត្ត/ក្រុង/ស្រុក, និងមន្ត្រីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់ សរុបចំនួនប្រមាណ ៤២០ រូប។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអបអរសាទរមន្ត្រីមូលដ្ឋាន និងរដ្ឋបាល ឃុំ/សង្កាត់ ចំពោះការទទួលបានឧបករណ៍ឌីជីថលទាំងនោះ និងជំរុញឱ្យចូលរួមថែរក្សា និងប្រើប្រាស់ឧបករណ៍នីមួយៗ ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការផ្តល់សេវាមានគុណភាពខ្ពស់ និងទាន់ពេលជូនពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមនៅកម្ពុជា ទទួលជោគជ័យ និងសម្រេចបានផ្លែផ្កាគួរជាទីមោទនៈ ពោល គឺបានធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជីជាច្រើន ក្នុងប្រព័ន្ធគាំពារសង្គម លើថ្នាលឌីជីថលរួមតែមួយ និងអាចធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម ដោយមិនបោះបង់ចោលប្រព័ន្ធដែលមានស្រាប់របស់ប្រតិបត្តិករណាមួយ ក៏ដូចជាផ្តល់ភាពងាយស្រួលសម្រាប់មន្ត្រីអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រើប្រាស់ “ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា”។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ថ្នាលឌីជីថលនេះ ត្រូវបានអភិវឌ្ឍឡើងដោយបំពាក់នូវមុខងារទំនើបៗ ដែលនឹងជួយបង្កើនល្បឿន, សុក្រឹតភាព, និងគុណភាពនៃទិន្នន័យ ឈានទៅកាត់បន្ថយការចុះបញ្ជីស្ទួន និងពង្រឹងអភិបាលកិច្ចឌីជីថល សំដៅជំរុញប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែមានភាពទន់ភ្លន់ និងធន់ ក្នុងការឆ្លើយតបនឹងគ្រោះអាសន្ន ក៏ដូចជាគាំទ្រដល់ការសម្រេចចិត្តលើគោលនយោបាយផ្អែកលើទិន្នន័យជាក់ស្តែង។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ឬ DSPP ដែលជាសមិទ្ធផលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែជាការបំពាក់បន្ថែមនូវថ្នាលឌីជីថលដ៏ទំនើប សម្រាប់មន្ត្រីអនុវត្តកម្មវិធី នៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ, ថែមទាំងបំពាក់កុំព្យូទ័រយួរដៃ ដែលមានសមត្ថភាពខ្ពស់, កាមេរ៉ាថតផ្ទៃមុខ និងថតឯកសារ, ម៉ាស៊ីនស្កែនខ្ចៅដៃ, និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនឃុំ/សង្កាត់ ទូទាំងប្រទេស ជាដំណាក់កាលៗ បន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូន នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សមិទ្ធផលទាំងនេះ នឹងរួមចំណែកក្នុងការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការ ចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ទួន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា។
សូមបញ្ជាក់ជូនថា ស្របតាមផែនការពង្រីកវិសាលភាពដែលបានអនុម័តដោយក្រុមប្រឹក្សាជាតិគាំពារសង្គម, ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដោយគ្រោងពង្រីកការអនុវត្តទៅដល់ខេត្តគោលដៅចំនួន ១៥ ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ និងឈានទៅសម្រេចការអនុវត្តក្នុងវិសាលភាពទូទាំងប្រទេស នៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ៕



