ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងជូនពរជ័យ ឯកឧត្តមអភិបាលខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរជ័យសិរីសួស្តី បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល អដ្ឋស័ក ព.ស. ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ក្នុងជំនួបប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលនេះ តំណាងថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត បានថ្លែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលជានិច្ចកាលតែងតែផ្តល់នូវការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងការគាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពការងារក្នុងវិស័យព័ត៌មាន។ ការយកចិត្តទុកដាក់នេះ បានធ្វើឱ្យការផ្សព្វផ្សាយព័ត៌មានក្នុងខេត្តមានការរីកចម្រើន ប្រកបដោយប្រសិទ្ធភាព និងអាចឆ្លើយតបបានយ៉ាងឆាប់រហ័សទៅនឹងតម្រូវការ ក៏ដូចជាការចង់ដឹងចង់ឃើញរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាកិច្ចឆ្លើយតប ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានថ្លែងអំណរគុណ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីព័ត៌មានទាំងអស់ ដែលបានបំពេញតួនាទីជាស្ពានចម្លងព័ត៌មានដ៏សំខាន់រវាងរដ្ឋបាលខេត្ត និងសាធារណជន។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រសិទ្ធពរជ័យត្រឡប់ទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានទាំងអស់ សូមឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបម្រើសេវាព័ត៌មានជូនជាតិ និងប្រជាជនក្នុងឆ្នាំថ្មីនេះ៕
អត្ថបទ: ស្រីមុំ



