ថ្នាក់ដឹកនាំព្រឹទ្ធសភា៖ «សុខភាព សមត្ថភាព និងភាសាបរទេស គឺជាយាននាំយុវជនឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិពេញលេញ»

«យុវជនកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវការពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ក្នុងការដឹកនាំខ្លួនឯង គ្រួសារ និងសង្គមជាតិ ឆ្ពោះទៅរកភាពរីកចម្រើន»។

សារខាងលើនេះ ត្រូវបានឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា លើកឡើង និងសង្កត់ធ្ងន់ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សា ហេង សំរិន ទន្លេស្ងួត ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ អគារសិក្សានេះជាអំណោយរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនឹងនាំកម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ និងចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ប្រទេសមានចំណូលមធ្យម។ ទោះយ៉ាងណា ឯកឧត្តមបានបញ្ជាក់ថា ក្នុងគ្រប់កាលៈទេសៈ យុវជនត្រូវពឹងផ្អែកលើសមត្ថភាពខ្លួនឯង ដោយមិនត្រូវផ្តេកផ្តួល ឬរង់ចាំជំនួយពីខាងក្រៅឡើយ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានថ្លែងថា កម្ពុជាកំពុងមានតម្រូវការចាំបាច់លើកម្លាំងពលកម្ម និងអ្នកជំនាញ ជាពិសេសក្នុងវិស័យកសិកម្ម និងផលិតកម្ម។ ឯកឧត្តមបានជំរុញឱ្យយុវជនខិតខំសិក្សាភាសាបរទេស ជាពិសេសភាសាអង់គ្លេស ដែលជាយានសំខាន់សម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងពាណិជ្ជកម្ម ការទំនាក់ទំនងជាមួយដៃគូបរទេស និងការស្វែងរកឱកាសការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានក្រើនរំលឹកឱ្យយុវជនថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់ឱ្យបានច្រើនមុខនិងក្នុងបរិមាណសមស្រប គ្មានសារធាតុគីមី ក៏ដូចជាការធ្វើលំហាត់ប្រាណ និងការលេងកីឡាផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍ថា សុខភាពល្អគឺជាលក្ខខណ្ឌសំខាន់ ដែលអាចឱ្យយុវជនចូលរួមយ៉ាងពេញលេញក្នុងការងារ អាជីវកម្ម និងសកម្មភាពសង្គមផ្សេងៗ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ៕