ថ្នាក់ដឹកនាំពលរដ្ឋយុវជននិងទេសចរជាង ១ ៥០០នាក់នាំគ្នារត់ដើម្បីសន្តិភាព និងសាមគ្គីភាពក្នុងថ្ងៃនៃក្តីស្រឡាញ់
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ដែលជាថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់ រដ្ឋបាលខេត្តកំពតសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ “តស់ រត់នៅកំពត” ក្រោមមូលបទ ដើម្បីសន្តិភាព និងសាមគ្គីភាព ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលមានអ្នកចូលរួមរត់ប្រមាណជាង ១ ៥៦៨នាក់។ ពិធីនេះត្រូវបានធ្វើឡើងនៅឆ្នេរខ្សាច់ព្រែកកំពត់បាយ មុខមន្ទីរពេទ្យបង្អែកខេត្ត ដោយការរត់នេះមានចម្ងាយ ៣.៥គីឡូម៉ែត្រតាមផ្លូវមាត់ព្រែកកំពង់បាយ ក្នុងន័យដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្ត លើកកម្ពស់សុខមាលភាព និងភាពសប្បាយរីករាយក្នុងថ្ងៃទិវានៃក្តីស្រឡាញ់។
យុវជន និងពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍ “តស់ រត់នៅកំពត” បានសំដែងក្តីសប្បាយរីករាយ និងលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះគឺបានបំផុសឱ្យពលរដ្ឋមានការចូលរួមហាត់កីឡា ដូចរត់ ដើរហាត់ប្រាណ និងសកម្មភាពកីឡាផ្សេងៗ បង្កើនសាមគ្គីភាព និងទាក់ទាញភ្ញៀវទេសចរ។ ពួកគាត់បានបន្តថា ព្រឹត្តិការណ៍ “តស់ រត់នៅកំពត” ក្រោមមូលបទ ដើម្បីសន្តិភាព និងសាមគ្គីភាព ដែលធ្វើឡើងនៅពេលនេះគឺសំដៅឱ្យពលរដ្ឋបង្កើនសេចក្តីស្រឡាញ់ ដែលទី១ គឺការស្រឡាញ់ខ្លួនឯង, ទី២ គ្រួសារ និងទី៣ សង្គមជាតិ។ មិនត្រឹមតែប៉ណ្ណោះព្រឹត្តការណ៍នៃការរត់នេះដែរ ក៏បានធ្វើឡើងដើម្បីផ្សព្វផ្សាយសន្តិភាពនៅកម្ពុជា ដែលបញ្ចាក់ថា កម្ពុជាមានសុខសន្តិភាព មានស្ថេរភាព មានសន្តិសុខសុវត្តិភាព ដែលអាចឱ្យភ្ញៀវទេសចរមកលេងកម្សាន្តបានគ្រប់ទីកន្លែងដោយមិនមានការភ័យខ្លាចនៅទូទាំងប្រទេស ពិសេសនៅក្នុងខេត្តកំពត។
បើតាមការបញ្ជាក់របស់ លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត ថាអ្នកចូលរួមរត់មាន ចំនួន ១ ៥៦៨នាក់ ការរត់ក្នុងរយៈចម្ងាយ ៣.៥គីឡូម៉ែត្រតាមផ្លូវមាត់ព្រែក គោលបំណង់សំខាន់ ដើម្បីបំផុសស្មារតីរក្សាសន្តិភាព និងសាមគ្គីភាពជាតិខ្មែរតែមួយ បង្កើតឱកាសទាក់ទាញទេសចរជាតិ អន្តរជាតិមកទស្សនាខេត្ត ផ្តល់លទ្ធភាពដល់ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្ត លើកកម្ពស់សុខមាលភាព និងភាពសប្បាយរីករាយ ដែលវាសមស្របទៅនឹងខ្លឹមសាររបស់ទិវានៃសេចក្តីស្រឡាញ់ផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



