ថ្នាក់ដឹកនាំ​ធនាគារជាតិ ឧទ្ទិស​កុសល​បិណ្ឌ​ទី ​៣ ជូន​សាច់​សារ​លោហិត ​និង​វីរ​យុទ្ធ​ជន​ពលី​ក្នុង​បុព្វហេតុជាតិ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ធនាគារជាតិ​ នៃ​កម្ពុជា ទទួល​កាន់បិណ្ឌ​វេន​ទី​ ៣ នៅ​វត្ត​បុ​ទម​វ​តី តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដើម្បី ទំនុកបម្រុង និង​ចាត់ចែង​ចង្ហាន់ និង​បច្ច័យ​ ៤ ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា និង​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន សាច់​សារ​លោហិត និង ដួងវិញ្ញាណ​ក្ខ័​ន​វីរ​យុទ្ធ​ជន​កម្ពុជា ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ ​។
លោក​ជំទាវ​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ខៀវ ស៊ី​ណា និង​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃ​កម្ពុជា បាន​ទទួល​កាន់បិណ្ឌ​វេន​ទី​ ៣ និង​ចាត់ចែង​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​គង់ នៅ​វត្ត​បទុម​វ​តី រាជ​វ​រា​រាម រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៩ ខែកញ្ញា ឆ្នាំ ​២០២៦ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រុម​គ្រួសារ និង​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ ​។

ពិធីបុណ្យ កាន់បិណ្ឌ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ក្នុង​គោលបំណង​ទំនុកបម្រុង និង​ចាត់ចែង​ចង្ហាន់​និង​បច្ច័យ ៤ ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា និង​ឧទ្ទិស​មហាកុសល​ផល​បុណ្យ​ដល់​ដួងវិញ្ញាណ​ខន្ធ ឯកឧត្តម ជា ចាន់​តូ អតីត​ទេសាភិបាល កិត្តិយស​ធនាគារជាតិ​នៃ​កម្ពុជា និង​បុព្វការី​ជន​ទាំងឡាយ​មាន​មាតាបិតា​ជីដូន​ជីតា យុទ្ធ​ជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ មាតុភូមិ ក៏​ដូច​ជា​ចូលរួម​ចំណែក​រឹតចំណង​សាមគ្គីភាព និង​លើកតម្កើង​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​រុងរឿង​អស់​កាល​ជា​អង្វែង​តទៅ ។
ក្នុង​ពពិធីនេះដែរ ក្រៅពី​ការ​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន សាច់​សារ​លោហិត អ្វី​ដែល​ថ្នាក់​នាំ មន្ត្រីរាជការ បុគ្គលិក និង​ប្រជា​- ពលរដ្ឋ​មិន​អាច​បំភ្លេច​បាន គឺ​គុណ​បំណាច់ និង​ការ​លះបង់​ដ៏​ធំធេង​របស់​វីរ​យុទ្ធ​ជន​កម្ពុជា​យើង ​។ តាម​រយៈ​នៃ​បុណ្យ​កុសល ដែល​បាន ធ្វើ​ឡើង​ក្នុង​ថ្ងៃ​បិណ្ឌ​ទី​៣​នេះ លោក​ជំទាវ​បណ្ឌិត ក៏​បាន​ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន​យុទ្ធ​ជន យុទ្ធ​នារី​ស្នេហា​ជាតិ ដែល​ពលី​ជីវិត​ក្នុង បុព្វហេតុ​ជាតិ​មាតុភូមិ​គ្រប់​សម័យកាល ជា​ពិសេស​វីរ​យុទ្ធ​ជន​ដែល​បាន​ពលី​ជីវិត​លើ​កិច្ចការ​ការពា​ទឹកដី នៃ​ការ​ប៉ះទង្គិច​ពី​ជម្លោះព្រំដែន កម្ពុជា​-​ថៃ​នា​ពេល​ថ្មី​ៗ​កន្លង​មក សូម​ឲ្យ​មនុញ្ញផល​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន​អស់លោក​ទាំងនោះ បាន​សោយសុខ​នា​ឋាន​បុ​រម​សុខ​កុំបី​ឃ្លៀង ឃ្លាត​ឡើយ​ ។
លោក​ជំទាវ​បណ្ឌិត ក៏​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់ ព្រមទាំង​បារមី​ដូនតា​ខ្មែរ និង​អតីត​មេទ័ព​ខ្មែរ​គ្រប់​ជំនាន់ ជួយ តាម​ថែរក្សា​ការពារ​វីរ​កងទ័ព និង​វីរ​នគ​បាល​ជាតិ ​ដែល​កំពុង​លះបង់​កម្លាំងកាយ​ចិត្ត និង​អាយុជីវិត ឈរជើង​ការពារ​បូរណភាព​ទឹកដី និង​សន្តិសុខ​នៅ​តាម​បន្ទាត់​ព្រំដែន ឱ្យ​ទទួល​បាន​ជ័យជម្នះ និង​សុខ​សុវត្ថិភាព​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ ​។
សូម​បញ្ជាក់​ថា នៅ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​៣នេះ លោក​ជំទាវ​បណ្ឌិត និង​ក្រុម​គ្រួសារ បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ ៤៥៧ អង្គ ដោយ ក្នុង​មួយ​អង្គ​ទទួល​បាន​បច្ច័យ ៥ ម៉ឺន​រៀល ចំណែក​បច្ច័យ​ដែល​ប្រមូល​បាន​ពី​ពុទ្ធបរិស័ទ​ប្រមាណ ៨១ លាន​រៀល ត្រូវ​បាន​វេ​ប្រគេន ដល់​ព្រះសង្ឃ សម្រាប់​ទុក​កសាង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​បទុម​វ​តី រាជ​វ​រា​រាម ដើម្បី​ចូលរួម​ដល់​ការ​រីក​ច​ចម្រើន​នៅ​ក្នុង​វិស័យ​ពុទ្ធចក្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​៕