ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី រួមគ្នាបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌

មណ្ឌលគិរី៖ ឯកឧត្តម សាយ ម៉េងគីម សមាជិកក្រុមប្រឹក្សាខេត្តខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី រួមគ្នាបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥តទៅ នៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ។

ឯកឧត្តម សាយ ម៉េងគីម បានមានប្រសាសន៍ថា ការចូលរួមបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌នាពេលនេះ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) ដើម្បីយកឈាមទាំងនេះទៅបម្រើដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងដើម្បីត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដីនៅព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម បន្ថែមថា ការចូលរួមបរិច្ចាគឈាមនេះ ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែក ក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង ប្រយុទ្ធនឹងសត្រូវ សៀម សូមបងប្អូនទាំងអស់អាចរួមចំណែកតាមរយៈ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ ព្រោះ “ឈាមជាជីវិត“៕