ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញក្នុងពិធីអភិសេកលោកតាក្រហម ក ដើម្បីបួងសួងសុំសេចក្តីសុខចម្រើន
ខេត្តមណ្ឌលគិរី ៖ ដើម្បីថែរក្សានូវទំនៀមទម្លាប់ប្រពៃណី និងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ ជិតឆ្ងាយយ៉ាងច្រើនកុះករ បានអញ្ជើញ ក្នុងពិធីអភិសេកលោកតាក្រហម ក ដែលស្ថិតនៅចំណុចភ្នំទឹកខួប ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមលំដាប់លំដោយនៃកិច្ចពិធីសាសនា និងទំនៀមទម្លាប់ក្នុងតំបន់ រួមមាន មានការរៀបចំពិធីក្រុងពាលី និងការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យសិរីសួស្ដី មានការរៀបចំពិធីសែនព្រេនតាមបែបបុរាណ និងតំបន់តាមបែបបងប្អូនជនជាតិដើមភាគតិច ដែលជាការគោរពដល់ម្ចាស់ទឹកម្ចាស់ដី និងអារក្សអ្នកតាថែរក្សាភ្នំទឹកខួប ពិធីបំពាក់កន្សែងថ្វាយលោកតាក្រហម ក និងអភិសេករូបសំណាកថ្មី ដើម្បីទុកជាទីសក្ការៈបូជាសម្រាប់អ្នកដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជនទាំងអស់ ក៏បានចាប់មគ្គផលទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីប្រមូលបច្ច័យយកទៅបន្តកសាងកាំជណ្តើរ និងរៀបចំអាស្រមលោកតាឱ្យកាន់តែមានភាពល្អប្រសើរ បម្រើឱ្យវិស័យទេសចរណ៍ជំនឿ និងសាសនា។
សូមបញ្ជាក់ថា ភ្នំទឹកខួប គឺជាទីតាំងមួយដែលមានភាពស័ក្តិសិទ្ធិ និងជាទីគោរពបូជារបស់ប្រជាពលរដ្ឋក្នុងស្រុកកែវសីមា ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៧៦ ហើយការរៀបចំពិធីបុណ្យនាពេលនេះ ក៏ជាការត្រៀមលក្ខណៈអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕



