ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទំនប់ធំ ជួបសួរសុខទុក្ខ និងប្រគល់អំណោយជូនពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ។

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានដឹកនាំក្រុមការងារ រួមជាមួយ លោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល ចុះសាកសួរសុខទុក្ខពលករដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមករស់ស្រុកកំណើតនៅ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ពលករដែលបានវិលត្រឡប់ពី ប្រទេសថៃ មកកាន់ស្រុកកំណើតនៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ មកកាន់ស្រុកកំណើតវិញ ដោយសុវត្ថិភាព, មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរពាក់ព័ន្ធ ក៏បានសម្របសម្រួល ស្វែងរកបានការងារធ្វើភ្លាមៗជូនពួកគាត់ នៅមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ដែលអនុញ្ញាតឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត និងបានរស់នៅជួបជុំគ្រួសារ ផងដែរ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល និងលោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ បានដឹកនាំក្រុមការងារ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេន ៥ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះពុទ្ធពរ និង វត្តលក្ខណារាម ហៅវត្តដំបូកមានលក្ខណ៍ ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណខន្ត វីរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឱ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ បានជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី ៕