ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនាំយកអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រួមមាន ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការ, ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ មកចែកជូនបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏បានអញ្ជើញសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីសំណាក់កងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាបបាតុកម្មរបស់ថៃដែលចូលមកបំពាន និងប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានលះបង់ដល់បុព្វហេតុជាតិ ការពារជាតិមាតុភូមិជាមួយកងកម្លាំង ដែលឈរជើងនៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដូចជាការហូបស្អាត ផឹកស្អាត ពិសេសសម្រាកក្នុងមុងឲ្យបានត្រឹមត្រូវជៀសវាងជំងឺគ្រុនឈាមដែលបណ្តាលមកពីមូសខាំ និងជំងឺដង្កាត់ផ្សេងៗទៀតដែលកើតចេញពីការមិនរក្សាអនាម័យជាប់ជាប្រចាំ។
ជាមួយគ្នានេះ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏បានអញ្ជើញចុះពិនិត្យទីតាំងតំបន់កើតហេតុនៃការប៉ះទង្គិចអំពើហិង្សាពីសំណាក់កងទ័ពថៃ មកលើប្រជាពលរដ្ឋកម្ពុជាកាលពីម្សិលមិញ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយកងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាបបាតុកម្មរបស់ថៃបានចូលមកបំពាន និងប្រើប្រាស់ឧបករណ៍បង្ក្រាបបាតុកម្ម និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លីដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ និងព្រះសង្ឃយើងចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួស ធ្ងន់ និងស្រាល។ ក្នុងនោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏បានអញ្ជើញទៅពិនិត្យនៅតាមគោលដៅព្រំដែនមួយចំនួនទៀតស្ថិតក្នុងភូមិណង់ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមជម្រាបជូនថាអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបាននាំយកមកនាពេលនេះរួមមាន មី ១០០កេស, ទឹកសុទ្ធ ១០០កេស, នំធុង ១០០ធុង, កាហ្វេ ១០០កញ្ចប់ធំ, ថ្នាំParacetamol ១០០០ប្រអប់, ទឹកលាងរបួស ២៥២០ដប, ថ្នាំផ្សះ ២០០ប្រអប់, Compress បិតរបួស១៥០០ថង់, បង់រុំរបួស ១០០ថង់, ស៊ីរ៉ូមឡាត់តាត ២០កេស, ថ្នាំបំបាត់ការឈឺចាប់ ៦៥០ ប្រអប់, ថ្នាំបំបាត់ការឈឺចាប់ធម្មតា ២១៦ប្រអប់,ថ្នាំត្រជាក់ ២១៦ប្រអប់, វីតាមីន ដាក់ទឹកពុះជួយកំលាំង ២៨០ប្រអប់ ទឹកស៊ីអ៊ីវ ១០០យួរ ទឹកត្រី ១០០យួរ៕