ថ្ងៃ១១កក្កដា កម្ពុជានឹងប្រារព្ធ ពិធីបុណ្យចូលវស្សា និងអាសាឍបូជា

ភ្នំពេញ ៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានអោយដឹងថា ៖ បុណ្យចូលព្រះវស្សា និងអាសាឍបូជា ជាបុណ្យដ៏សំខាន់មួយរបស់ព្រះពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិឱ្យព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សារយៈពេល៣ខែក្នុងវស្សានរដូវ។ ឆ្នាំ២០២៥នេះ បុណ្យចូលវស្សា នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១១ ខែកក្កដា។

សម្រាប់ពុទ្ធបរិស័ទជាគ្រហស្ថ បុណ្យចូលព្រះវស្សា និងអាសាឍបូជា ប្រារព្ធធ្វើនៅថ្ងៃ១៥កើត ខែអាសាឍ ចំណែកព្រះសង្ឃតាមព្រះវិន័យ ចូលនៅថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះផងដែរ ដើម្បីរៀបចំពិធីបុណ្យឱ្យមានភាពអធិកអាធម ក្រសួងណែនាំទៅគ្រប់មន្ទីរធម្មការរាជធានី-ខេត្ត ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យនេះឡើងដោយត្រូវជ្រើសរើសយកវត្តណាមួយមានលក្ខណៈ សមស្រប សម្រាប់ប្រារព្ធជាផ្លូវការ។ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ គ្រប់វត្តត្រូវបោសសម្អាតទីធ្លា ព្រះវិហារ កុដិឧបដ្ឋានសាលា តុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង និងចងបដា ដែលមានរូបភាពសម្ដែងធម្មចក្កប្បវត្ត នសូត្រ ទ្រង់សម្ដែងយមកប្បាដិហារ្យ និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រជាដើម។

ក្រសួងធម្មការ និងសាសនា ក៏បានណែនាំឱ្យគ្រប់មន្ទីរសាសនា ត្រូវសហការជាមួយគ្រឹះស្ថានអប់រំ ចូលរួមផ្សព្វផ្សាយពីអត្ថន័យនៃពិធីបុណ្យទៅពលរដ្ឋ ខណៈអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវការពារសុវត្ថិភាព ព្រមទាំងបំផុសពុទ្ធបរិស័ទ និងពលរដ្ឋឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លា។ គួរជម្រាបថា ព្រះបរមសាស្តាទ្រង់បញ្ញត្តិឱ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សារយៈពេល៣ខែ ព្រោះមានមូលហេតុសំខាន់២ រួមមាន៖ ១-ព្រះភិក្ខុទាំងហ្លាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗមានគួរខ្លះ មិនគួរខ្លះ មាននិមន្តជាន់លើភូតគាម ពីជគាម និងធញ្ញជាតិផ្សេងៗ ជាហេតុនាំឱ្យអ្នកស្រុករិះគន់ តិះដៀល និងពោលនូវទោសដល់ព្រះភិក្ខុសង្ឃ និងទី២-ព្រះពុទ្ធអង្គមានបំណងអនុគ្រោះដល់ព្រះភិក្ខុសង្ឃក្នុងសាសនា កុំឱ្យលំបាកក្នុងការធ្វើដំណើរនៅ រដូវវស្សាដែលមានភ្លៀងជោកជាំ។

ចំណែក បុណ្យអាសាឍបូជាវិញ ជាអភិលក្ខិតសម័យ ដែលត្រូវបានពុទ្ធសាសនិកប្រារព្ធឡើងនៅថ្ងៃ១៥កើត ខែអាសាឍ ជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ព្រឹត្តិការណ៍ចំនួន៥ រួមមាន៖ ថ្ងៃដែលព្រះបរមពោធិសត្វទ្រង់ចុះចាប់បដិសន្ធិ, ថ្ងៃដែលព្រះបរមពោធិសត្វទ្រង់ចេញសាងអភិនិស្ត្រមណ៍, ថ្ងៃដែលព្រះពុទ្ធបរមគ្រូសម្ដែងធម្មចក្កប្បវត្តនសូត្រ, ថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់ស្ថាបនាព្រះសង្ឃ, និងថ្ងៃព្រះពុទ្ធអង្គទ្រង់សម្ដែងយមកប្បាដិហារ្យ៕