ថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តប្រគល់ជូនគ្រួសារមានសមាជិកទទួលមរណភាព ១៥ គ្រួសារ និងឧបត្ថម្ភម៉ូទ័របូមទឹកដល់សាលាបឋមសិក្សាវត្តចាស់ នៅឃុំរកាកោងទី២ ក្នុងស្រុកមុខកំពូល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ បានបន្តចាត់ក្រុមការងារនាំយកថវិកាចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន ១៥គ្រួសារ នៅឃុំរកាកោងទី២ និងឧបត្ថម្ភម៉ូទ័របូមទឹកដល់សាលាបឋមសិក្សាវត្តចាស់ ស្ថិតក្នុងឃុំរកាកោងទី២ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ លោក លឹម លីន ជំនួយការផ្ទាល់របស់លោក ហាស់ វ៉ារី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ហាស់ វ៉ារី តែងតែបានប្រគល់ជូនថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណភាពជាបន្តបន្ទាប់ជាច្រើនគ្រួសារណាស់មកហើយ ក្នុងនោះរាល់ការខ្វះខាតនៅក្នុងមូលដ្ឋាន ឃុំរកាកោងទី២ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល ក៏សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែជួយគ្រប់ពេលវេលាផងដែរ។
លោក លឹម លីន បានបន្ថែមថា ឯកឧត្តម ហាស់ វ៉ារី ក្រៅពីការជួយដល់សមាជិកគ្រួសារដែលមានសមាជិកទទួលមរណភាពហើយនោះ ឯកឧត្តមក៏តែងតែបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះប្រគល់ដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ឃុំរកាកោងទី២ មានដូចជា៖ អង្គរ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ ទឹកដោះគោ តែ ថវិកា និងសម្ភារផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ដែរថា កន្លងមកឱ្យតែមានប្រជាពលរដ្ឋទទួលមរណភាព សម្ដេចទាំងទ្វេតែងតែបានចូលរួមរំលែកទុក្ខក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥០,០០០រៀល ដែលមានក្រុមការងាររបស់ឯកឧត្តម ហាស់ វ៉ារី ដើម្បីនាំយកថវិការបស់សម្ដេចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ក្នុងនោះដែរនាពេលថ្មីៗសម្តេចទាំងទ្វេរ ក៏បានឧបត្ថម្ភម៉ូទ័របូមទឹកមួយគ្រឿងមានសម្លៃ ១៥០$ ដល់សាលាបឋមសិក្សាវត្តចាស់ ដើម្បីទុកប្រើជាប្រយោជន៍រួមផងដែរ។ សរុបជាថវិការួមទាំងគ្រួសារមានសមាជិកទទួលមរណភាព និងដល់សាលាបឋម សិក្សាវត្តចាស់ អស់ចំនួន ២ ៣៥០ ០០០រៀល និង ១៥០ដុល្លារ។
នាឱកាសនោះដែរក្រុមគ្រួសារនៃសពទាំង ១៥គ្រួសារ ក៏ដូចជានាយកសាលាបឋមសិក្សាវត្តចាស់ ក៏បានគោរពជូនពរសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ និងសូមគោរពជូនពរឯកឧត្តម ហាស់ វ៉ារី លោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់សូមជួប តែសេក្ដីសុខ និងសេចក្ដីចម្រើនផងដែរ៕



