ថវិការបស់សម្តេចតេជោ ហ៊ុន សែន បានបន្តប្រគល់ជូនគ្រួសារមានសមាជិកទទួលមរណភាព ១៥គ្រួសារ និងជនភៀសសឹក ១គ្រួសារ នៅឃុំរកាកោងទី២ ក្នុងស្រុកមុខកំពូល

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច បានបន្តចាត់ក្រុមការងារនាំយកថវិកា ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន ១៥គ្រួសារ នៅឃុំរកាកោងទី២ និងបានឧបត្ថម្ភដល់ជនភៀសសឹក ១គ្រួសារ ដែលបានជម្លៀសមកពីព្រំដែន មកស្នាក់នៅក្នុងឃុំរកាកោងទី២ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ តាមការគូសបញ្ជាក់របស់ លោក លឹម លីន ជំនួយការផ្ទាល់របស់ឯកឧត្តម ហាស់ វ៉ារី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ហាស់ វ៉ារី តែងតែបានប្រគល់ជូនថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណជាបន្តបន្ទាប់ជាច្រើនគ្រួសារណាស់មកហើយ នៅក្នុងឃុំរកាកោងទី១ ឃុំរកាកោងទី១ និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។
លោក លឹម លីន បានបន្ថែមថា ឯកឧត្តម ហាស់ វ៉ារី ក្រៅពីការជួយដល់សមាជិកគ្រួសារ ដែលមានសមាជិកទទួលមរណភាព លោកក៏តែងតែបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចុះប្រគល់ដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ឃុំរកាកោងទី២ មានដូចជា៖ អង្គរ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ ទឹកដោះគោ តែ ថវិកា និងសម្ភារផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ដែរថា កន្លងមកឱ្យតែមានប្រជាពលរដ្ឋទទួលមរណភាព សម្ដេចទាំងទ្វេរតែងតែបានចូលរួមរំលែកទុក្ខក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខដែលមានក្រុមការងាររបស់ឯកឧត្តមហាស់ វ៉ារី ដើម្បីនាំយកថវិការបស់សម្ដេចចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព។ អំណោយរបស់សម្តេចក៏បានប្រគល់ជូនគ្រួសារជនភៀសសឹក ១គ្រួសារ ដែលបានជម្លៀសមកពីព្រំដែន មករកកន្លែងសុវត្ថិភាព នៅឃុំរកាកោងទី២ មានដូចជា៖ អង្ករ ១បេ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ១កេស សារ៉ុងវចំនួន ២ និងថវិកា ១០ម៉ឺនរៀល។
នាឱកាសនោះដែរក្រុមគ្រួសារនៃសពទាំង ១៥គ្រួសារ ក៏ដូចជាគ្រួសារជនភៀសសឹក ១គ្រួសារ ក៏បានគោរពជូនពរសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ និងសូមគោរពជូនពរលោក ហាស់ វ៉ារី លោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់សូមជួប តែសេក្ដីសុខ និងសេចក្ដីចម្រើនផងដែរ៕