ត្រឹមរយៈពេល ១៥ថ្ងៃ ជាកំហិត ៖ សូមប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ឆ្វៀល ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ២៧៧ ក្បាលដី មកពិនិត្យលើទិន្នន័យដែលមាននៅក្នងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យ គិតពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆាំ្ន២០២៥

ពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅតំបន់ឆ្វៀល ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ពិធីបិទផ្សាយនេះ ត្រូវបានធ្វេីឡេីងក្រោមវត្តមានលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងជានាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ លោក ឡាយ ភិរុណ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ រួមនិងប្រជាពលរដ្ឋជាច្រេីននាក់ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នាបរិវេនវត្តសន្សំកុសល ស្ថិតខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឡាយ ភិរុណ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ បានអោយដឹងថា ដោយមានការសហការយ៉ាងល្អពីអាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋម្ចាស់ដី បានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារបានចុះធ្វើ និងប្រមូលទិន្ន័យក្បាលដី ដែលធ្វើដំណើរការក្នុងការអនុវត្តនិតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងការវាស់វែងទទួលបានជោគជ័យ ដែលជាលទ្ធផលទទួលបានដូចជា៖
– វាស់វែងសរុប មានចំនួន ២៧៧ ក្បាលដី ។
– ម្ចាស់ដីបានចូលរួមផ្តល់ពត៌មាន មានចំនួន២៣៦ ក្បាលដី ។
– ម្ចាស់ដីមិនបានចូលរួមផ្តល់ពត៌មាន មានចំនួន ៤១ ក្បាលដី។
លោក ឡាយ ភិរុណ បានបញ្ជាក់ថា លទ្ធផលដែលបានជម្រាបជូននាពេលនេះ គឺជាការខិតខំប្រឹងប្រែងរបស់ក្រុម ការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមវាលទី៨ និងមានការសហការល្អពីអាជ្ញាធរមូលដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងាររាល់ការ បំពេញភារកិច្ចក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមពីម្ចាស់ដីទាំងអស់ ដែលជំរុញឲ្យក្រុមការងារទទួលបានលទ្ធផល ជាវិជ្ជមាន។
លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ និងជានាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ បាន បញ្ជាក់ អោយដឹង ថា តាមរយៈការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដែលរួមមាន ប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យ កន្លងមក សូមសាធារណជន និងអង្គភាពនានា ដែលមានពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់វិនិច្ឆ័យនាពេលនេះ សូមចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យ ទាំងនោះ ក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០៤ ខែ កញ្ញា ឆាំ្ន ២០២៥ ជាកំហិត នៅក្នុងបរិវេណវត្តសន្សំកុសល។ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបើកចំហរ ជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់ ឬត នៅពេលក្រោយទៀតបានឡើយ ។ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុប លើទិន្នន័យទាំងនោះហើយ លើកសំណើផ្តល់សិទ្ឋិលើអចលនវត្ថុ ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាសំអចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់ ។
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បាន ពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ក៏ដូចជាការសួរសុខ ទុកពីសំណាក់អភិបាល រាជធានី ភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្តែងអោយឃើញ ពីការ យក ចិត្ត ទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវ សិទ្ធ ពេញ លេង ក្នុងការគ្រប់គ្រងលើធីធ្លីរបស់ខ្លួន ដែលជាជម្រកដ៏មានតម្លៃសម្រាប់មនុស្សម្នាក់ៗ។ លោកបានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ អោយចេះប្រើប្រាស់បណ្ណ អោយចេះទុកដាក់ និងប្រើប្រាស់អោយបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់បណ្ណខុស ដែលនាំអោយខាតបាត់ ពោលការយកទៅប្រើប្រាស់ក្នុងការលក់ រឺបញ្ចាំ យកប្រាក់ មក ប្រើប្រាស់ខ្ចះខ្ជាយ មិនទទួលបានផលប្រយោជន៍ត្រឡប់មកវិញ ៕