ត្រឹមតែ១០នាទី វ៉ៃ១០០កន្លែងនៅលីបង់ក្លាយជាផ្ទាំងស៊ីបរបស់អ៊ីស្រាអែលក្នុងថ្ងៃបទឈប់បាញ់រវាងអាម៉េរិកនិងអ៊ីរ៉ង់ ដោយអ៊ីស្រាអែលប្រើយន្តហោះចម្បាំង៥០គ្រឿង និងគ្រាប់បែក១៦០គ្រាប់

ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើននៅកណ្តាលទីក្រុងបៃរូតដោយគ្មានការព្រមាននិងជូនដំណឹងជាមុននៅថ្ងៃពុធម្សិលមិញនេះ គឺនៅប៉ុន្មានម៉ោងបន្ទាប់ពីមានបទឈប់បាញ់ត្រូវបានប្រកាសនៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ដែរ។ ប្រទេសលីបង់បាននិយាយថាមនុស្ស ១១២នាក់ត្រូវសម្លាប់ និងរាប់រយនាក់បានរងរបួសនៅក្នុងអ្វីដែលពួកគេដាក់ឈ្មោះថាជាថ្ងៃដ៏សាហាវបំផុតមួយក្នុងស្ថានភាពសង្គ្រាមអ៊ីស្រាអែលនិងហេសបូឡាចុងក្រោយបង្អស់។ ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់សារព័ត៌មាន PBS News Hour ថា ប្រទេសលីបង់មិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងបទឈប់នោះទេ ដោយសារតែក្រុមហេសបូឡាជាសកម្មប្រយុទ្ធស្ថិតក្នុងលីបង់ដដែល។ នៅពេលសួរអំពីការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល លោកបាននិយាយថា “នោះជាការប៉ះទង្គិចគ្នាដាច់ដោយឡែកមួយផ្សេងទៀត”។ ចំណែកអ៊ីស្រាអែលវិញបាននិយាយថា កិច្ចព្រមព្រៀងនេះមិនពង្រីកដល់សង្គ្រាមរបស់ខ្លួនជាមួយហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នោះទេ ទោះបីជាមានអ្នកសម្របសម្រួលពីប៉ាគីស្ថានបាននិយាយថាលួងលោមពួកគេក៏ដោយ។ ពលរដ្ឋលីបង់ទទួលបានអារម្មណ៍ធូរស្រាលមួយភ្លែតប៉ុណ្ណោះក្នុងប្រទេសរបស់ខ្លួនបន្ទាប់ពីសេចក្តីប្រកាសពីបទឈប់បាញ់ ប៉ុន្តែវាបានប្រែក្លាយទៅជាភាពភ័យស្លន់ស្លោជាមួយនឹងអ្វីដែលយោធាអ៊ីស្រាអែលហៅថា ជាការវាយប្រហារសម្របសម្រួលដ៏ធំបំផុតរបស់ខ្លួននៅក្នុងសង្គ្រាមបច្ចុប្បន្ននេះទៅវិញ ដោយពួកគេបានវាយប្រហារគោលដៅក្រុមហេសបូឡាជាង១០០ដងក្នុងរយៈពេល១០នាទីនៅទីក្រុងបៃរូត ភាគខាងត្បូងប្រទេសលីបង់ និងតាមជ្រលងភ្នំ Bekaa ភាគខាងកើត។ ផ្សែងខ្មៅហុយឡើងលើផ្ទៃអាកាសនៅរដ្ឋធានីមាត់សមុទ្រ និងជាកន្លែងដែលមនុស្សមួយចំនួនធំត្រូវបានគេជម្លៀសចេញទៅជ្រកកោនដោយសារអ៊ីស្រាអែលវាយសង្រ្គប់ខ្លាំងពេក។ ហេតុការណ៍វាយប្រហារនោះបានធ្វើពលរដ្ឋឆោឡោ ដោយបន្លឺជាសំឡេងស៊ីផ្លេធ្វើចរាចរណ៍ដ៏មមាញឹកបំផុត។ រថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅរកទីតាំងមានអណ្តាតភ្លើងដើម្បីជួយសង្រ្គោះ។ អគារអាផាតមិនត្រូវគេវាយប្រហារជាច្រើនដង។ ឃើញស្ថានភាពដូច្នេះដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើប្រទេសលីបង់ ស្រាប់តែអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងបញ្ឈប់ចលនារបស់នាវាដឹកប្រេងទាំងអស់វិញនៅច្រកសមុទ្រ Hormuz ម្តងទៀតដើម្បីសងសឹកនឹងអ៊ីស្រាអែល។ ចំណែកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamen Netanyahu ក៏បានចេញមកប្រកាសទៀតថា ចំពោះការវាយប្រហារនៅក្នុងប្រទេសលីបង់ គឺយើងមានបំណងវាយឲ្យចំគោលដៅទៅទៅលើក្រុមហេសបូឡាឲ្យចាស់ដៃបំផុត ដោយពួកយើងបានកំណត់វាយប្រហារលើគោលដៅចំនួន ១០០ ក្នុងរយៈពេលត្រឹមតែ១០នាទី នៅក្នុងទីតាំងដែលមានក្រុមហេសបូឡាប្រាកដមែន។ ហើយក្នុង១០នាទីនោះ គឺ«អ៊ីស្រាអែល» បានវាយប្រហារទ្រង់ទ្រាយធំបំផុតដោយប្រើប្រាស់យន្តហោះចម្បាំងចំនួន ៥០ គ្រឿង និងគ្រាប់បែកចំនួន ១៦០ គ្រាប់មិនធ្លាប់មានចាប់តាំងពីផ្ទុះសង្រ្គាមជាមួយអ៊ីរ៉ង់មក៕

សម្រួលអត្ថបទ៖ សុផារិន្ទ