ត្រឹមតែរយៈពេល១ថ្ងៃរុស្ស៊ីជួបឧបត្តិហេតុបាក់រលំស្ពាន២ខ្សែសង្កត់លើរថភ្លើងក្នុងតំបន់២ផ្សេងគ្នាដែលស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសរុស្ស៊ី RU-RTR កាលពីថ្ងៃអាទិត្យនេះបានបញ្ចេញរូបភាពវីដេអូរបស់អ្នកដំណើរដែលរងរបួសពីហេតុការណ៍បាក់ស្ពានសង្កត់លើរថភ្លើង១ខ្សែធ្វើឲ្យធ្លាក់ផ្លូវនៅក្នុងតំបន់ Bryansk និងត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងមូស្គូដើម្បីធ្វើការព្យាបាល។ មន្ត្រីរុស្ស៊ីបាននិយាយថាគ្រោះថ្នាក់នេះបានផ្ទុះឡើងនិងបានបណ្តាលឱ្យស្ពានចំនួន២ខ្សែដួលរលំនិងសង្កត់លើរថភ្លើង២ខ្សែនៅភាគខាងលិចប្រទេសរុស្ស៊ី។ អាជ្ញាធរមិនបាននិយាយថាអ្វីទៅជាមូលហេតុដែលបណ្តាលឲ្យមានករណីផ្ទុះអំឡុងពេលនោះទេ។ ប៉ុន្តែក្នុងឧប្បត្តិហេតុដូចគ្នានេះនៅកន្លែងមួយផ្សេងទៀតក៏បានសម្លាប់មនុស្ស៧នាក់ និងរាប់សិបនាក់រងរបួសដែរ។ ក្រុមអ្នកជួយសង្គ្រោះបានបោសសម្អាតកំទេចកំទីពីកន្លែងកើតហេតុទាំងពីរកាលពីថ្ងៃអាទិត្យ ខណៈដែលអ្នករងរបួសមួយចំនួនបានព្យាយាមនិយាយពីហេតុការណ៍ដែលពួកគេគ្រោះថ្នាក់ទៅកាន់អ្នកសារព័ត៌មានអំឡុងពេលក្រុមសង្រ្គោះបញ្ជូនពួកគេទៅកាន់រដ្ឋធានី។ ស្ពានទីមួយស្ថិតក្នុងតំបន់ Bryansk ជាប់ព្រំដែនជាមួយអ៊ុយក្រែន បានបាក់ធ្លាក់សង្កត់លើរថភ្លើងដឹកអ្នកដំណើរកាលពីថ្ងៃសៅរ៍ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស។ ក្រុមសេវារថភ្លើងរបស់រុស្ស៊ីបាននិយាយថាអ្នកបើកបររថភ្លើងក៏បានស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ។ ប៉ុន្មានម៉ោងក្រោយមកក្រុមមន្ត្រីបាននិយាយថារថភ្លើងទីពីរបានក្រឡាប់ នៅពេលដែលស្ពានបានបាក់សង្កត់វានៅក្នុងតំបន់ Kursk ក្បែរនោះ ដែលជាប់ព្រំដែនប្រទេសអ៊ុយក្រែនដូចគ្នា។ ក្នុងហេតុការណ៍ដួលរលំនោះមានរថភ្លើងដឹកទំនិញមួយខ្សែត្រូវបានធ្លាក់ចេញពីផ្លូវរថភ្លើងទៅផ្លូវខាងក្រោម ខណៈស្ពានបាក់រលំភ្លាមៗ។ ចំណែកអភិបាលស្តីទីក្នុងតំបន់លោក Alexander Khinshtein បាននិយាយកាលពីថ្ងៃអាទិត្យថា ហេតុការណ៍បាក់ធ្លាក់នេះបានបង្កជាអគ្គិភ័យប៉ុន្តែមិនមានអ្នករងរបួសនោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ