តំបន់អាស៊ីកំពុងរងគ្រោះជំនន់ទឹកភ្លៀង! ខណៈការប្រែប្រួល អាកាសធាតុដោយបង្កើនកំដៅផែនដីធ្វើឱ្យមានភ្លើងព្រៃនៅ Iberian ជាង៤០ដង

ខណៈបណ្តាប្រទេសនៅអាស៊ីភាគច្រើនរងគ្រោះជំនន់ទឹកភ្លៀង ស្រាប់តែឧបទ្វីប Iberian មានអាកាសធាតុក្តៅ ស្ងួត និងខ្យល់បក់ខ្លាំង ដែលជំរុញឱ្យមានភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញបំផុតមួយក្នុងប្រវត្តិសាស្រ្តដែលបានកត់ត្រាគឺទំនងជា៤០ដងដោយសារការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ ការវិភាគដោយ World Weather Attribution ឬ WWA បាននិយាយថា លក្ខខណ្ឌអាកាសធាតុដែលងាយនឹងឆាបឆេះគឺមានកម្រិតខ្លាំងជាងប្រហែល ៣០% នេះបើប្រៀបធៀបទៅនឹងសម័យមុននៃឧស្សាហកម្មទំនើប និងនៅពេលដែលការងារភាគច្រើនពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីលបានចាប់ផ្តើម។ ភ្លើងឆេះព្រៃរាប់រយកន្លែងនៅឧបទ្វីប Iberian បានផ្ទុះឡើងក្នុងខែកក្កដា និងសីហា។ ពួកវារីករាលដាលយ៉ាងឆាប់រហ័សដោយសារសីតុណ្ហភាពក្តៅដែលបានរុញច្រានលើសពី ៤០អង្សាសេ និងមានខ្យល់បក់បោកខ្លាំងដែរ។ ភ្លើងឆេះនៅអេស្ប៉ាញ និងព័រទុយហ្គាល់បានសម្លាប់មនុស្ស ៨ នាក់ បង្ខំឱ្យមានការជម្លៀសមនុស្សចេញជាង ៣៥,០០០ នាក់ និងបានឆាបឆេះផ្ទៃដីជាង ៦៤០,០០០ហិកតា ឬប្រហែលជា ២/៣ នៃតំបន់ដែលឆាបឆេះសរុបនៅតំបន់អឺរ៉ុបក្នុងឆ្នាំនេះ។
ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះភាគច្រើនឥឡូវនេះកំពុងស្ថិតក្រោមការគ្រប់គ្រង ដោយសារសីតុណ្ហភាពបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ លោកស្រី Clair Barnes ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគោលនយោបាយបរិស្ថាននៃមហាវិទ្យាល័យ Imperial College នៃទីក្រុងឡុងដ៍ បាននិយាយថា “លក្ខខណ្ឌអាកាសធាតុកាន់តែក្តៅ ស្ងួត និងងាយឆេះ កាន់តែមានភាពធ្ងន់ធ្ងរជាមួយនឹងការប្រែប្រួលអាកាសធាតុ ហើយកំពុងបណ្តាលឱ្យមានភ្លើងឆាបឆេះខ្លាំងដែលមិនធ្លាប់មានពីមុនមក។ តំបន់អឺរ៉ុបបានឡើងកំដៅពីផែនដីទ្វេដង លឿនជាងមធ្យមភាគពិភពលោកចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ នេះបើយោងតាមសេវាផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។ WWA ដែលជាក្រុមអ្នកស្រាវជ្រាវ បានពិនិត្យឃើញថាតើវានឹងត្រូវមានកម្រិតខ្ពស់ប៉ុណ្ណាទៀតនាពេលអនាគត ដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរទៅៗ ដោយត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុដែលត្រូវផ្តោត លើស្ថានភាពភ្លើងឆេះព្រៃនៅ Iberian និងងាយរីករាលដាលយ៉ាងឆាប់រហ័សនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ