តំបន់សេដ្ឋកិច្ចពិសេស ត្រឹម៩ខែ ឆ្នាំ២០២៥ តម្លៃនាំចេញសរុបមានចំនួនទឹកប្រាក់១.៥ពាន់លានដុល្លារ

តំបន់សេដ្ឋកិច្ចពិសេស ត្រឹម៩ខែ ឆ្នាំ២០២៥ តម្លៃនាំចេញសរុបមានចំនួនទឹកប្រាក់១.៥ពាន់លានដុល្លារ
ភ្នំពេញ ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ តម្លៃនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានចំនួនទឹកប្រាក់ ១.៥ពាន់លាន ដុល្លារ។ តួលេខនេះអាចនឹងកើនលើសពី ២ពាន់លានដុល្លារនៅចុងឆ្នាំ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ និង ចំពេលដែលមានស្ថានភាពតានតឹង តម្លៃនៃការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញទៅកាន់ប្រទេសថៃមានតម្លៃ ១៤៥លានដុល្លារ ឬ ៩.៧២% ហើយទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ៤២៣លានដុល្លារ ឬ ២៨.៤៤%។ ចាប់តាំងពីចំនុចផ្តើមនៃភាពតានតឹងនៅតាមព្រំដែន និងការអនុវត្ត ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក តម្លៃនៃការនាំចេញទៅកាន់ប្រទេសថៃ និងសហរដ្ឋអាមេរិក មិនបានបង្ហាញ ពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ណាមួយឡើយ។ ចំណែកឯតម្លៃនាំចេញទៅគោលដៅផ្សេងទៀតដែលរួមបញ្ចូលគ្នាបានឈាន ដល់ចំណុចខ្ពស់បំផុតមួយ ក្នុងខែកញ្ញា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ RGPPSEZ បានបញ្ជាក់ថា RGPPSEZ បន្តឈរឈ្មោះជាមជ្ឈមណ្ឌលឧស្សាហកម្ម និងវិនិយោគដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ទីតាំងយុទ្ធសាស្ត្រដ៏មានសក្តានុពល និងការគ្រប់គ្រងដ៏សកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស បានជំរុញឱ្យមានដំណើរការផលិតកម្ម និងការដឹកជញ្ជូនដោយមិនមានការរំខានសម្រាប់ អ្នកវិនិយោគអន្តរជាតិរបស់យើង។
RGPPSEZ បានគូសបញ្ជាក់ថា«ករណីនេះឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្ត ចូលរួមចំណែករបស់យើងខ្ញុំ ជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសការងារដល់ពលករកម្ពុជាដែល បានវិលត្រឡប់មកពីប្រទេសថៃវិញ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងដឹកនាំ និងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យបានរីកចម្រើននៅគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្ម និងតែងតែផ្តល់ការគាំទ្រជានិច្ច ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាពនៃ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ RGPPSEZ របស់យើងខ្ញុំ»។
សូមជម្រាបថា RGPPSEZ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦មក ជាមួយនឹងចក្ខុវិស័យនៃការបង្កើតមជ្ឈមណ្ឌលឈានមុខគេ សម្រាប់ក្រុមហ៊ុនផលិត ឬ កម្មន្តសាលនៃឧស្សាហកម្មចម្រុះ ហើយស្របពេលគ្នានេះដែរ ក៏បង្កើតឱកាសការងារសំខាន់ៗសម្រាប់ ប្រជាជនកម្ពុជាផងដែរ។ ជិត២០ឆ្នាំក្រោយមក RGPPSEZមានមោទនភាព ដែលឃើញតំបន់នេះបានរីកដុះដាលមកដល់ចំណុចបច្ចុប្បន្ន។ សព្វថ្ងៃនេះ RGPPSEZបានទទួលវិនិយោគិន ដែលជាក្រុមហ៊ុនផលិតកម្មចំនួន៩១ និងក្រុមហ៊ុនមិនមែនផលិតកម្ម ចំនួន២៩ក្រុមហ៊ុន មកពីប្រទេសចំនួន១៥លើសាកលលោក ដែលផ្តល់ការងារដល់កម្មករចំនួន៥៥,០០០នាក់ នៅក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ មានសារៈសំខាន់ចំពោះការរីកចម្រើនរបស់ប្រទេសជាតិ។ ក្នុងចំណោមក្រុមហ៊ុនទាំង ១២០នេះ បានទាក់ទាញ ក្រុមហ៊ុនថ្មីពីប្រទេសចិន ចំនួន១០ក្រុមហ៊ុន និងពីប្រទេសជប៉ុន ចំនួន២ក្រុមហ៊ុន មកបណ្តាក់ ទុន នៅក្នុងតំបន់របស់យើងខ្ញុំ ត្រឹមតែក្នុងឆ្នាំ២០២៥មួយប៉ុណ្ណោះ៕