តំបន់ភាគច្រើនក្នុងប្រទេសអេស្ប៉ាញកំពុងស្ថិតនៅក្រោមការព្រមានពីភ្លៀងធ្លាក់ខ្លាំងបង្ករជាទឹកជំនន់ ក្នុងនោះមានទាំងខ្យល់បក់បោក និងព្រិលធ្លាក់មកជាមួយដែរ
តំបន់ធំៗនៃភាគខាងត្បូងប្រទេសអេស្ប៉ាញនៅតែកំពុងរងផលប៉ះពាល់ពីព្យុះធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យនេះ។ នៅ Andalusia (អាល់ដាលូស៊ីយ៉ា) មានប្រជាជនរហូតដល់ ១១,000 នាក់ត្រូវបានគេជម្លៀសចេញ។ ចំណែកប្រជាជននៅ Grazalema ក្នុងខេត្ត Cádiz វិញបានអំពាវនាវស្វែងរកជំនួយកាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីបានឮសំឡេងមកពីក្រោមដី ខណៈដែលទឹកចាប់ផ្តើមហូរចេញពីកម្រាលឥដ្ឋនៃផ្ទះ នៃជញ្ជាំង និងសូម្បីតែរន្ធដោតអគ្គិសនីរបស់ពួកគេ។ គណៈកម្មាធិការជំនាញ រួមទាំងអ្នកភូគព្ភវិទូ និងអ្នកជលសាស្ត្រផងដែរ បានកំពុងវាយតម្លៃនៃស្ថេរភាពដីក្នុងប្រទេសនេះ ដើម្បីកំណត់ថាតើប្រជាជនដែលត្រូវបានជម្លៀសនោះអាចត្រូវត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាពឬអត់។ អមដោយមន្ត្រីឆ្មាំស៊ីវិល ប្រជាជនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងផ្ទះរបស់ពួកគេមួយរយៈខ្លីដែរ ដើម្បីប្រមូលរបស់របរផ្ទាល់ខ្លួន មានសម្លៀកបំពាក់ ឯកសារ និងសត្វចិញ្ចឹមដូចជាសត្វស្លាប ដែលមិនអាចជម្លៀសបានមុនោះ នេះជាអ្វីដែលមន្ត្រីបានបញ្ជាក់។ ការព្រមានស្ថានភាពអាកាសធាតុអាក្រក់នៅ Andalusia នៅតែមានសុពលភាពដោយសារតែខ្យល់បោកបក់ខ្លាំងតាមឆ្នេរសមុទ្រ និងភ្លៀងធ្លាក់ខ្លាំង។ យោងតាមទីភ្នាក់ងារឧតុនិយមរដ្ឋ ភ្លៀងត្រូវបានគេរំពឹងថានឹងកើនឡើងម្តងទៀតនៅថ្ងៃចន្ទនេះ។ ទន្ទឹមនឹងនេះដែរ នៅតំបន់ Extremadura ដែលជាតំបន់ជាប់ព្រំដែនជាមួយប្រទេសព័រទុយហ្គាល់វិញ អាជ្ញាធរមិនត្រឹមតែកំពុងដោះស្រាយជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងកម្រិតទឹកទន្លេកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការគំរាមពីស្ថានភាពធ្លាក់ព្រិលផងដែរ ដែលស្ថានភាពនេះបានបង្ខំឱ្យបិទផ្លូវថ្នល់ និងការប្រើប្រាស់ឧបករណ៍ចូលព្រិលជាដើម។ នៅតំបន់ Huelva ឯណេះវិញភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទន្លេ Barranco de la Chirina ( បារ៉ាន់កូ ឌឺ ឡា ចិនរីណា) ហៀរចេញក្រៅដែលធ្វើឱ្យជំរំ Taray លិចលង់។ ក្នុងនោះមានមនុស្ស ១៣នាក់ដែលស្ថិតនៅកន្លែងកើតហេតុត្រូវបានគេជួយសង្គ្រោះដោយទូកជាបន្ទាន់ដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



