តំបន់ទេសភាពភ្នំព្រះគុហារហ្លួង នឹងត្រូវប្រែក្លាយទៅជាកន្លែងកំសាន្តប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅបន្ទាយមាស និងភ្ញៀវទេសចរមកពីតំបន់ផ្សេងៗ
ខេត្តកំពត ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស បាននិងកំពុងគិតគូរក្នុងការប្រែក្លាយ តំបន់ទេសភាពភ្នំព្រះគុហារហ្លួង ឱ្យទៅជាកន្លែងកំសាន្តប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅបន្ទាយមាស ក៏ដូចជាប្រជាជនទូទាំងប្រទេស។ នេះបើតាមបញ្ជាក់លើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងដែនដី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការប្រែក្លាយនេះ គឺធ្វើឡើងតាមរយៈការរៀបចំផ្លូវចូល ចំណតឡាន បន្ទប់ទឹកស្អាត តូបលក់អាហារសមរម្យ នឹងធ្វើឱ្យតំបន់រមណីយដ្ឋានបំបាំងកាយនេះឱ្យកាន់តែភាពទាក់ទាញបន្ថែមទៀត។
តំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ស្ថិតនៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានរូងភ្នំដ៏ធំដែលជាជម្រកនៃហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលផ្តល់ជីធម្មជាតិសម្រាប់សហគមន៍មូលដ្ឋាន និងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិបំបាំងកាយដ៏ទាក់ទាញ៕



