តំណាងធនាគារ ARDB ចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងសហគមន៍កសិកម្មទំនើបសរុបចំនួន ១១
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមទុនវិនិយោគរវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលតំណាងដោយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហគមន៍កសិកម្មទំនើបសរុបចំនួន ១១។
ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ARDB នឹងផ្តល់ឥណទានចំនួន ៦០% នៃផែនការវិនិយោគដល់សហគមន៍ទាំង១១ ដើម្បីគាំទ្រដល់ផលិតកម្មបន្លែ មាន់ ម្ទេស ស្វាយចន្ទី និងស្វាយចន្ទីកែច្នៃ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្លែងថា រយៈពេល៦ឆ្នាំមកនេះ គម្រោងបានអនុវត្តផែនការអាជីវកម្មចំនួន ១០១ផែនការ ដែលក្នុងនោះ ៥៩ផែនការអាជីវកម្ម បានផ្ដល់ដល់សហគមន៍កសិកម្មទូទៅចំនួន ៥១សហគមន៍ និង ៤២ផែនការអាជីវកម្ម បានទៅសហគមន៍កសិកម្មទំនើបចំនួន ២៥សហគមន៍។
ចំពោះពិធីចុះហត្ថលេខាថ្ងៃនេះ លោក ណុប សុភឿន បានបញ្ជាក់ថា «កិច្ចព្រមព្រៀងលើផែនការអាជីវកម្មទាំង ២២នៅថ្ងៃនេះ គឺគ្រោងចុះហត្ថលេខាលើកដំបូងចំពោះទឹកប្រាក់ហិរញ្ញប្បទាន ដែលហៅថា ៤០%នោះ ចំនួន ២,៦៦លានដុល្លារ ហើយនិងថវិកាឥណទាន (កម្ចីដែលមានអត្រាការប្រាក់ទាប) គឺមានចំនួន ៦,១៥ លានដុល្លារ..»។
គួរបញ្ជាក់ថា គោលដៅចម្បងរបស់គម្រោង គឺជួយសម្របសម្រួលដល់ការធ្វើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មក្នុងតំបន់គោលដៅកម្រោង។ គម្រោងមានសមាសភាគចំនួន៥ រួមមាន ការជំរុញពិពិធកម្មកសិកម្ម, គាំទ្រហេដ្ឋារចនាសម្ព័ន្ធសាធារណៈ, លើកកម្ពស់ប្រព័ន្ធព័ត៌មានកសិកម្ម និងគ្រប់គ្រងការត្រួតពិនិត្យគុណភាព, ការគ្រប់គ្រង ការសម្របសម្រួល និងការតាមសាន និងវាយតម្លៃគម្រោង និងការធ្វើអន្តរាគមន៍សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់។
ក្នុងនាមនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា, ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ នេះគឺជាការរៀបចំលើកទី៣ ឬអាចថាជាលើកចុងក្រោយ ដ្បិតថាគម្រោងនឹងបញ្ចប់នៅអំឡុង ខែកក្កដាខាងមុខនេះ។
ឯកឧត្តម បានបន្តថា គម្រោងពិពិធកម្មកសិកម្ម ជួយកសិករតាមទម្រង់ជាសហគមន៍ ដោយមិនទាន់កំណត់ថាជាសហគមន៍កសិកម្មទូទៅ ឬសហគមន៍កសិកម្មទំនើបនោះទេ។
ឯកឧត្តមបានលើកឡើងដូច្នេះថា៖ «មានបងប្អូនខ្លះសួរថា ចុះជួយតែសហគមន៍ទេ? អត់ជួយកសិករតូចៗទេ? តាមពិតបើបងប្អូនមើលឱ្យមែនទែន នរណាគេជាសហគមន៍? គឺបងប្អូនកសិករម្នាក់ៗហ្នឹងឯង…គ្រាន់តែថាបើយើងដើរជួយម្នាក់ៗ កសិករយើងមានជិត ២លានគ្រួសារទូទាំងប្រទេស អ៊ីចឹងការជួយពុំមានប្រសិទ្ធភាពសេដ្ឋកិច្ចនោះទេ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% សម្រាប់សហគមន៍កសិកម្មទាំង ១៧ ដែលជាគម្រោងផ្តួចផ្តើមរបស់រាជ រដ្ឋាភិបាល និងហិរញ្ញប្បទានឥតសំណង១០០% លើការកែលម្អផ្លូវកសិកម្មធ្វើពីបេតុង-កៅស៊ូ ប្រវែងសរុបជាង ១៦៩គីឡូម៉ែត្រ និងប្រព័ន្ធស្រោចស្រពបំពាក់ទុយោចែកចាយទឹកលើផ្ទៃដីដាំដុះ ៨,២៣០ហិកតា៕



