តំណាងក្រុមហ៊ុនវិនិយោគចំនួន ៥ មកពីប្រទេសចិន ជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងបំណងសិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីពង្រីកទីផ្សារក្នុងតំបន់

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគចំនួន ៥ក្រុមហ៊ុន មកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Tang Choayang ប្រធានក្រុមហ៊ុន Guangwang Integrated Housing Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់លំនៅឋាន ផ្ទះចល័ត និងផ្ទះលំហែកាយ ក្នុងបំណង សិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។

សូមជម្រាបជូនថា ក្រុមហ៊ុនខាងលើ បានចូលរួមវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ ដោយមានការចាប់អារម្មណ៍ពីសក្តានុពលនៅខេត្តព្រះសីហនុ ទើបក្រុមហ៊ុនរបស់ពួកគាត់ បានសម្រេចចិត្តមកសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀតនិងឈានទៅដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

ទាំងនេះគឺជាលទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគមក កាន់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកគឺនៅខេត្តព្រះសីហនុ។ ដោយត្រឹមតែរយៈពេល ១សប្តាហ៍បន្ទាប់ពីការធ្វើវេទិកា គឺទទួលបានការចាប់អារម្មណ៍យ៉ាង ច្រើនពីសំណាក់វិនិយោគិនចិន មកធ្វើការសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់។

ហើយតាមរយៈជំនួបរវាង ឯកឧត្តមអភិបាល ខេត្តព្រះសីហនុ និងឯកឧត្តមអភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក អភិបាលខេត្តជាំងស៊ូ បានបញ្ជាក់ថាឯកឧត្តមបានណែ នាំដល់មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគចិនចំនួន៥០ ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ។