តំណាងក្រុមហ៊ុនចំនួន០២ (បារីម៉ាក ESSE)និង(បារីម៉ាក GOLD SEAL) បង្ហាញពីអនុលោម ភាព ចំពោះ គ.ប.ផ.ក. និងអ្នកសារព័ត៌មាន
ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីអនុញ្ញាតជូនតំណាងក្រុមហ៊ុនចំនួន០២ បាន បង្ហាញពី ប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពរបស់ខ្លួន នៅចំពោះមុខ គ.ប.ផ.ក. និង អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។
សន្និសីទសារព័ត៌មាននេះ បានប្រព្រឹត្តទៅសាលប្រជុំបន្ទប់៧២៨ នៃលេខាធិការដ្ឋាន គ.ប.ផ.ក. ទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធាន គ.ប.ផ.ក. ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ជាសមាជិក គ.ប.ផ.ក. តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ថ្នាក់ដឹកនាំ លេខា ធិការដ្ឋាន គ.ប.ផ.ក. និងតំណាងក្រុមហ៊ុន អធីអេហ្វ អ៊ុនវេសមេន (បារីម៉ាក GOLD SEAL)និង ក្រុមហ៊ុន ប៊ូ ស្ទួន អ៊ីមិច (បារីម៉ាក ESSE) រួមជាមួយអ្នកសារព័ត៌មានរដ្ឋ និងឯកជនជាច្រើន អង្គភាព។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន តំណាងក្រុមហ៊ុនទាំង០២ ដែលមាន លោកស្រី ភឿន សុផា អ្នកចាត់ការទូទៅក្រុមហ៊ុន ប៊ូ ស្ទួន អ៊ីមិច (បារីម៉ាក ESSE) និងលោក ឈុន រត្ថា ប្រធានរដ្ឋបាលក្រុមហ៊ុន អធីអេហ្វ អ៊ុនវេសមេន (បារីម៉ាក GOLD SEAL)បាន អះអាងដូចៗគ្នាថា ក្រុមហ៊ុនរបស់ខ្លួនបានគោរពទៅតាមអនុលោមភាពយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចសេក្ដីណែនាំផ្សេងៗ។ ផលិតផលបារីទាំងឡាយណា ដែលកំពុង ផលិត ស្តុកទុក ឬចរាចរ ដែលមិនបានអនុលោមតាមច្បាប់ នោះមិនមែនជា ផលិតផលបារីរបស់ ខ្លួនទេ វាជាផលិតផលបារីដែលខុសច្បាប់ ឬក្លែងក្លាយដែលកំពុងប្រព្រឹត្ត ដោយលួចលាក់ បង្កផលប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន និងអាជីវកម្មរបស់ខ្លួន។
ទន្ទឹមនឹងការអះអាងរបស់តំណាងក្រុមហ៊ុនទាំង០២ខាងលើ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងស្ថាប័នគយ ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវា នុវត្តន៍ និងក្រសួងសុខាភិបាល បានគូសបញ្ជាក់ពីទិដ្ឋភាពច្បាប់ និងវិធានការណ៍សមួយចំនួន ពាក់ព័ន្ធការធ្វើអាជីវកម្ម ការផលិត ការស្តុកទុក ការចរាចរ ការដាក់លក់បារី ដែលមិនបាន អនុលោមតាមច្បាប់ និងសេចក្ដីណែនាំផ្សេងៗ អ្នកទាំងនោះនឹងប្រឈមចំពោះមុខច្បាប់ ឬវិធាន ការណ៍មួយចំនួន ទៅតាមស្ថានភាពជាក់ស្ដែង នៃការប្រព្រឹត្តខុសរបស់អ្នកល្មើស។
ឯកឧត្ដម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍ថា ការរៀបចំឱ្យមាន សន្និសីទនាពេលនេះ ក្នុងគោលបំណងផ្ដល់នូវភាពច្បាស់លាស់ និងការទទួលខុសត្រូវរបស់ក្រុម ហ៊ុន តាមរយៈការអះអាងនាពេលនេះ រីឯស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូច គ.ប.ផ.ក. ផ្ទាល់ បានបង្ហាញពីទិដ្ឋភាពច្បាប់ ឬវិធានការនានា ដើម្បីប្រកាសផ្សព្វផ្សាយឱ្យសាធារណៈជនបានដឹង និង បានយល់ពីទិដ្ឋភាពច្បាប់ទាំងអស់គ្នា។
ឯកឧត្ដមប្រធានគ.ប.ផ.ក. បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននឹង កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការនាំចូលផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ, ដោយកន្លងមកថ្មីៗនេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើកិច្ចការទាំងនេះ ជាមួយយន្តការនានាបន្ថែមលើច្បាប់ដែល មានស្រាប់ ដើម្បីធានានូវតុល្យភាពរវាងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការ លើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈជំរុញឱ្យមានការត្រួតពិនិត្យការចែក ចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផល ដោយអនុលោមតាមច្បាប់។
មានប្រសាសន៍ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ថាតើ គ.ប.ផ.ក. អាចសម្រប សម្រួលឱ្យមានវេទិកាសន្និសីទសារព័ត៌មានដ៏មានសារៈសំខាន់បែបនេះជាមួយបណ្ដាក្រុមហ៊ុន ឬម្ចាស់ អាជីវកម្មនានាផ្សេងទៀតនាពេលខាងមុខដែរឬទេ? ឯកឧត្ដមប្រធានគ.ប.ផ.ក. បាន គូសបញ្ជាក់តបថា សន្និសីទនាពេលនេះ ប្រៀបបានជាយន្តការមួយសាកល្បង ដែលសម្រប សម្រួលកម្មវិធីឡើងដោយ គ.ប.ផ.ក. ក្នុងករណីមានការគាំទ្រពីសាធារណៈជន ក៏ដូចបណ្ដា ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្សេងៗទៀត នោះ គ.ប.ផ.ក. ដែលមានឯកឧត្តមផ្ទាល់ជាប្រធាន នឹងគោរពស្នើសុំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេចជាក្រោយ។ ឯកឧត្តមប្រធាន ក៏បាន អំពាវនាវដល់បណ្ដាម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មទាំងអស់ គោរពឱ្យបានទៅតាមអនុលោមភាព កំណត់ដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជៀសផុតពីការទទួលខុសត្រូវលើទោស ទណ្ឌ ឬប្រឈមវិធានការផ្សេងៗ៕



