អង្គការសុខភាពពិភពលោកធ្លាប់បានលើកឡើងថា ជំងឺគ្រុនឈាមតែងតែផ្ទុះឡើងក្នុងចន្លោះ៣ ទៅ៤ឆ្នាំម្តង។ ដោយឡែក យើងសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជារក្សាបាននូវគម្លាតពីការផ្ទុះនៃជំងឺគ្រុនឈាម ពោលគឺនៅក្នុងឆ្នាំ២០១២ ២០១៩ រហូតដល់ឆ្នាំ២០២៥ យើងឃើញថាមានករណីមានអ្នកកើតជំងឺគ្រុនឈាម តែពុំទាន់ឃើញមានការផ្ទុះពីជំងឺនេះទូទាំងប្រទេសនៅឡើយទេ។
ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានចូលរួមក្នុងការបង្ការកុំអោយមានជម្រកសត្វមូស ដូចជាការដក់ទឹក និងអនាម័យជុំវិញផ្ទះរបស់ប្រជាពលរដ្ឋ និងការយល់ដឹង ការរាយការណ៍ពីប្រជាពលរដ្ឋអំពីករណីកើតឡើងជុំវិញជំងឺគ្រុនឈាម។ បន្ថែមពីនេះ ឯកឧត្តមវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ទាក់ទិននឹងមានការក្តៅខ្លួនកើតចេញជាបណ្តុំ ជាពិសេស ជំងឺដែលកើតលើកុមារ សូមប្រជាពលរដ្ឋមេត្តារាយការណ៍មកក្រុមជំនាញបច្ចេកទេសថ្នាក់ជាតិ ក៏ដូចជាក្រសួងសុខាភិបាលចុះទៅអង្កេតស្រាវជ្រាវជាបន្ទាន់ ឬអាចរាយការណ៍មកលេខ ១១៥។
ឯកឧត្តមវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការការពារជំងឺនេះនៅគ្រប់មណ្ឌលសុខភាពទូទាំងប្រទេស គឺបើក២៤ម៉ោងលើ២៤ម៉ោងជូនដល់ប្រជាពលរដ្ឋដើម្បីពិនិត្យព្យាបាលទាំងអស់។ សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋនៅក្នុងភូមិ ឬមូលដ្ឋានដែលមានប័ណ្ណប.ស.ស ឬប័ណ្ណមូលនិធិសមធម៌ ឯកឧត្តមវេជ្ជបណ្ឌិតបានលើកទឹកចិត្តអោយមានការប្រើប្រាស់ ជាពិសេសនាំកុមារដែលមិនអាចព្យាបាលនៅមណ្ឌលសុខភាព អាចបញ្ជូនមកថ្នាក់ស្រុក ឬថ្នាក់ខេត្តដែលមានគ្រូពេទ្យជំនាញ មានឧបករណ៍សម្ភារៈ និងមានឈាមក្នុងការសង្គ្រោះគ្រប់គ្រាន់។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងជាប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សម្រាប់ជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា គឺអាចកើតឡើងពេញមួយឆ្នាំ តែអាចកើនឡើងពីរដងឬជាងពីរដងនៅរដូវវស្សា ដោយសារក្នុងរដូវវស្សាមានភ្លៀងធ្លាក់ ដែលមានដក់ទឹកជុំវិញផ្ទះតាមភូមិសហគមន៍នោះ គឺវាក្លាយជាប្រភពដង្កូវទឹក ជាហេតុផលដែលជំងឺនេះប្រែប្រួលតាមរដូវ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ទឹកដក់ក្នុងសំបកកំប៉ុង ត្រឡោកដូង សំបកធុង វត្ថុដែលដក់ទឹករងថ្លាគ្មានក្លិន និងសំបកកង់ឡានជាដើម ជាជម្រកសត្វមូសចូលចិត្តរស់នៅ។ លោកវេជ្ជបណ្ឌិតក៍បានអំពាវនាវអោយមានការប្រើថ្នាំអាបេត ឬគ្របអាងទឹកនៅតាមសាលារៀន និងអាងទឹកនៅតាមវត្តអារាម ដែលអាចកាត់បន្ថយការកើនឡើងដង្កូវទឹក និងសត្វមូសជាអតិប្បរិមា។
ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមគឺ ក្រោយពីត្រូវបានមូសខ្លាខាំចន្លោះពី៥ទៅ៦ថ្ងៃក្រោយអ្នកជំងឺនឹងចេញរោគសញ្ញាក្តៅខ្លួនខ្លាំងចាប់ពី៣៩-៤០អង្សា ដែលមិនអាចព្យាបាលដោយថ្នាំប៉ារ៉ាសេតាមុលនោះទេ និងអាចកើតឡើងគ្រប់វ័យទាំងអស់។ យោងតាមប្រភពទិន្នន័យរបស់កម្មវិធីជាតិ មនុស្សធំក៍អាចកើតជំងឺគ្រុនឈាមផងដែរជាមធ្យមកើនជាង១០ភាគរយជារៀងរាល់ឆ្នាំ។ ជាសរុបមក ជំងឺគ្រុនឈាម គឺអាចកើតឡើងគ្រប់វ័យ គ្រប់រដូវទាំងអស់ គ្រាន់តែក្នុងរដូវវស្សាមានការកើនឡើង។
សូមបញ្ជាក់ថា ជំងឺគ្រុនឈាមទុកឱកាសសម្រាប់ព្យាបាលត្រឹមតែ៣ទៅ៤ថ្ងៃតែប៉ុណ្ណោះដែលចាប់ពីថ្ងៃទី៣ទី៤ដល់ថ្ងៃទី៥ វីរុសនឹងចាប់ផ្តើមធ្វើអោយសរសៃឈាមរីកធំ ដែលធ្វើអោយជាតិទឹកចេញគ្រប់កន្លែងទាំងអស់។ ក្នុងលក្ខខណ្ឌមួយនេះ ប្រសិនអ្នកជំងឺមិនត្រូវបានទទួលការព្យាបាលពីគ្រូពេទ្យជំនាញនោះទេ ឬទទួលការព្យាបាលដោយដាក់សឺរ៉ូមចាប់ពី៤កំផ្លោកឡើង ឱកាសដែលវិវត្តនឹងស្លាប់គឺភាគច្រើន។ យោងតាមការសិក្សាស្រាវជ្រាវកម្មវិធីជាតិ ប្រសិនបញ្ជូនអ្នកជំងឺយឺតក្នុងមួយថ្ងៃឱកាសវិវត្តទៅធ្ងន់ធ្ងរ៥០ភាគរយ បញ្ជូនអ្នកជំងឺយឺតពីរថ្ងៃឡើងឱកាសវិវត្តទៅធ្ងន់ធ្ងរអាចឈានទៅបាត់បង់ជីវិត៧០ភាគរយ ដូច្នេះ សារនេះពិតជាមានសារៈសំខាន់ណាស់ដល់បងប្អូនប្រជាពលរដ្ឋប្រញាប់នាំអ្នកជំងឺទៅទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅភូមិឃុំស្រាប់ដែលបម្រើការងារ២៤ម៉ោង៕
ដោយ យ៉ាន ធឿងរតនៈ ថ្ងៃទី១២ កក្កដា ២០២៥



