តួរលេខសិស្សស្លាប់ដោយគ្រោះថ្នាក់រលំអគារនៅឥណ្ឌេណេស៊ីបានកើនឡើង! ស្របពេលដែលប៉ូលីសបញ្ជាក់ថា៖ អគារនេះចាស់និងសាងសង់ថែម២ជាន់គ្មានច្បាប់អនុញ្ញាតិ

ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកមនុស្សនៅរស់រានមានជីវិតកាលពីយប់ថ្ងៃពុធនេះដែលជាសិស្សានុសិស្សនៅតែបាត់ខ្លួន ដែលគេសង្ស័យថាបានកប់នៅខាងក្រោមគំនរបាក់បែកនៃសាលសាលារៀនដែលបាក់រលំនៅក្នុងខេត្ត Java ខាងកើត របស់ប្រទេសឥណ្ឌេណេស៊ី។ ចំនួនមនុស្សស្លាប់បន្ទាប់ពីឧបទ្ទវហេតុបាក់រលំអគារសាសនាឥស្លាមនេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ សម្លាប់សិស្សចំនួន៦នាក់ នេះបើយោងតាមការឲ្យដឹងរបស់លោក Yudhi Bramantyo អនុប្រធានប្រតិបត្តិការទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិឥណ្ឌេណេស៊ី។ អ្នកនៅរស់រានមានជីវិតចំនួន៥នាក់ត្រូវបានគេជួយសង្គ្រោះដោយជោគជ័យបន្ទាប់ពីជីករូងក្រោមដីមួយក្នុងមូលដ្ឋាននៃអគារនោះទៅកាន់ទីតាំងដែលកប់ពួកគេ។ លោក Bramantyo បាននិយាយទៀតថា៖ នៅថ្ងៃនេះដែរយើងបានសង្រ្គោះមនុស្សដោយជោគជ័យសរុបចំនួន៧នាក់ ក្នុងនោះមានសិស្ស៥នាក់មានសុវត្ថិភាពធម្មតា ហើយ២នាក់ផ្សេងទៀតត្រូវបានគេប្រកាសថាស្លាប់ក្រោយពេលសង្រ្គោះ ដោយមិនអាចទ្រាំទ្រនឹងភាពឈឺចាប់រយៈពេល៣ថ្ងៃនេះបាន ។ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងនឹងទ្រនិចនាឡិកាជាពេលវេលាយ៉ាងលំបាកដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតផ្សេងទៀត ដោយសិស្សរាប់សិបនាក់នៅតែមិនទាន់បានរាប់បញ្ចូលក្នុងបញ្ជីឈ្មោះរស់រាននៅឡើយទេ។ អ្នករស់រានមានជីវិតបាននិយាយថាសិស្សភាគច្រើនដែលរងគ្រោះជាក្មេងប្រុសថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មានអាយុចន្លោះពី១២ ទៅ១៨ឆ្នាំ។ ចំណែកសិស្សស្រីដែលកំពុងអធិដ្ឋាននៅបន្ទប់ផ្សេងទៀតនៃអគារ អាចរត់គេចខ្លួនទាន់ អំឡុងពេលអាគារបាក់រលំ។ ការសង្គ្រោះភាគច្រើនជាធម្មតាធ្វើឡើងក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រោះមហន្តរាយបែបនេះ ដូច្នេះឱកាសនៃការរស់រានមានជីវិតគឺត្រូវថយចុះជារៀងរាល់ថ្ងៃផងដែរ។ ក្រុមសង្រ្គោះជាង៣០០នាក់បានបន្តធ្វើការយ៉ាងសកម្មដើម្បីព្យាយាមស្វែងរកមនុស្សដែលនៅរស់រានមានជីវិត និងកប់ជាប់នៅខាងក្រោមយ៉ាងជ្រៅជាមួយនឹងជង្រឹងដែកនិងបេតុង។ អ្នកស្រី Hafia ដែលជាម្តាយក្មេងប្រុសម្នាក់ដែលកប់ក្រោមអគារបាក់បែកបានពោលទាំងអួលដើមករថា៖ ខ្ញុំមិនអាចបោះបង់ទេ ខ្ញុំសង្ឃឹមថាកូនខ្ញុំនៅតែមានជីវិត! កូនខ្ញុំខ្លាំងពូកែណាស់ ខ្ញុំជឿជាក់លើគេ។ អាជ្ញាធរបាននិយាយថា ក្នុងចំណោមអ្នករងរបួសប្រហែលជាង១០០នាក់ មានជាង១០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសាររងរបួសក្បាល និងបាក់ឆ្អឹង។ ឧបករណ៍ធុនធ្ងន់អាចរកមកសង្រ្គោះបាន ប៉ុន្តែបច្ចុប្បន្នមិនត្រូវបានប្រើប្រាស់ក្នុងករណីនេះបានទេ ដោយសារមានការព្រួយបារម្ភថាវាអាចបណ្តាលឱ្យទំងន់នៃអាគារដួលរលំបន្ថែមទៀត ដោយសារតែអគាទ្រុឌទ្រោមខ្លាំងពេក។ ដូច្នេះក្រុមអ្នកជួយសង្គ្រោះបានពាក់មួកដែក លូនតាមច្រកដ៏ចង្អៀតតាមបន្លោះបេតុង និងរបារដែក ព្រមទាំងតាមកម្ទេចកម្ទីថ្មនានាជាមួយញញួរ និងឧបករណ៍អគ្គិសនីដែលប្រើដោយដៃបានដើម្បីទៅដល់កន្លែងដែលមនុស្សជាប់ខាងក្រោម។ មកដល់ពេលនេះបំពង់អុកស៊ីសែន ទឹក និងអាហារត្រូវបានគេបញ្ជូនតាមចន្លោះតូចចង្អៀតទាំងនោះទៅកាន់អ្នកដែលនៅតែជាប់នៅក្រោមកំទេចកំទី ដើម្បីរក្សាពួកគេឱ្យនៅរស់រានមានជីវិតសិន។ ក្រុមស្វែងរកក៏បានប្រើប្រាស់ឧបករណ៍រាវរក និងយន្តហោះគ្មានមនុស្សបើកដើម្បីស្កេនស្វែងរកអ្នកនៅរស់រានមានជីវិតផងដែរ។ សូមរំលឹកថាកាលពីយប់ថ្ងៃចន្ទនោះ សាលអធិដ្ឋានមួយដែលស្ថិតនៅសាលាបណ្ដុះបណ្ដាលសាសនាអ៊ីស្លាមឈ្មោះ al Khoziny (អាល់ខូហ្ស៊ីនី) ក្នុងទីក្រុង Sidoarjo ភាគខាងកើតនៃកោះ Java ប្រទេសឥណ្ឌេណេស៊ីបានបាក់រលំភ្លាម ក្រោយមកត្រូវគេបញ្ជាក់ថា វារងផលប៉ះពាល់ពីគ្រោះរញ្ជួយដី ដែលមិនមានការជូនដំណឹងជាមុន។ សាលាបណ្តុះបណ្តាលសាសនាអ៊ិស្លាមនេះក៏កំពុងដំណើរការពង្រីកថែម២ជាន់លើអគារចាស់ដែរ ដោយគ្មានការអនុញ្ញាត ខណៈដែលប៉ូលិសស៊ើបអង្កេតបញ្ជាក់ថា៖ គ្រឹះអគារចាស់នេះទំនងជាមិនអាចទប់ជាប់ជាមួយនឹងបេតុងបានពីរជាន់បន្ថែមនោះទេ ហើយវាបានដួលរលំអំឡុងពេលដំណើរការចាក់ប្លង់សេបន្ថែម។ ដំបូងឡើយអាជ្ញាធរនិយាយថាមានតែមនុស្ស ៣៨ នាក់ទេដែលបាត់ខ្លួន ប៉ុន្តែក្រោយពីការជូនដំណឹងរបស់ឪពុកម្តាយនិងក្រុមគ្រួសារ គឺមានលើសតួរលេខនោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ