តួរលេខមនុស្សស្លាប់ដោយសារជំងឺ Ebola បានកើនដល់១៣៩នាក់ សង្ស័យឆ្លង៦០០នាក់ នៅកុងហ្គោជាប្រទេសដែលផ្ទុះឆ្លងជំងឺនេះចំនួន១៦លើកមកហើយ
នៅក្នុងទីក្រុង Rwampara (រ៉ាវាំប៉ារ៉ា)ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងភាគខាងកើតប្រទេសកុងហ្គោដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) ដែលមានបុគ្គលិកសុខាភិបាលស្លៀកសម្លៀកបំពាក់ឈុតការពារមេរោគបានរុំសពមនុស្សចូលទៅក្នុងមឈូសដោយស្ងៀមស្ងាត់នៅថ្ងៃពុធម្សិលមិញជាបន្តបន្ទាប់។ «អង្គការសុខភាពពិភពលោកបានប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡាជាភាពអាសន្នសុខភាពសាធារណៈដែលជាការព្រួយបារម្ភសម្រាប់អន្តរជាតិ ហើយបានសម្តែងនូវការព្រួយបារម្ភអំពី «ទំហំ និងល្បឿន» របស់វាដែរ។ ប្រធានទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកុងហ្គោបាននិយាយថា ការផ្ទុះឡើងនៃជំងឺនេះនឹងមានរយៈពេលរហូតដល់ជាងពីរខែទៀត ខណៈដែលអ្នកជំនាញព្យាយាមផលិតវ៉ាក់សាំង។ ប្រភេទជំងឺអេបូឡាដ៏កម្រនេះ ត្រូវបានគេស្គាល់ថាជាមេរោគ Bundibugyo (បោនឌីប៊ុយ៉ូ)បានរីករាលដាលដោយ មិនត្រូវបានរកឃើញអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ បន្ទាប់ពីមានករណីស្លាប់ដំបូង និងស្របពេល ដែលអាជ្ញាធរបានធ្វើតេស្តរកមេរោគអេបូឡាមួយផ្សេងទៀតដែលកើតមានជាទូទៅដែរ ប៉ុន្តែលទ្ធផលអវិជ្ជមាន។ រហូតមកដល់ពេលនេះ មានករណីឆ្លងបន្ថែមចំនួន ៥១ ត្រូវបានបញ្ជាក់នៅក្នុងខេត្ត Ituri និង North Kivu ភាគខាងជើងនៃប្រទេសកុងហ្គោ ក៏ដូចជាករណី២ទៀតនៅក្នុងប្រទេសអ៊ូហ្គង់ដា នេះបើយោងតាមលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ ក្រៅពីនេះករណីមនុស្សស្លាប់កើនចំនួន ១៣៩ នាក់ និងករណីសង្ស័យឆ្លងជិត ៦០០ ករណីហើយ។ ប៉ុន្តែលោក Ghebreyesus បាននិយាយថា ទំហំនៃការរាតត្បាតទំនងជាធំជាងនេះ។ នេះគឺជាការផ្ទុះឡើងនៃជំងឺអេបូឡាលើកទី ១៧ ក្នុងប្រទេសកុងហ្គោ ហើយអង្គការសុខភាពពិភពលោកបាននិយាយថា ក្រសួងសុខាភិបាលរបស់ខ្លួនមានបទពិសោធន៍ និងសមត្ថភាពក្នុងការឆ្លើយតបវា។ ទោះជាយ៉ាងណាក៏ដោយ ការផ្ទុះឡើងភាគច្រើនគឺជាជំងឺអេបូឡាដែលកើតមានជាទូទៅ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោបាននិយាយថា មជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡាពិសេសនឹងត្រូវបានបង្កើតឡើងនៅ Rwampara ក៏ដូចជានៅ Bunia និង Mongbwalu ដែលនៅក្បែរខាងនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



