តុលាការរាជធានីភ្នំពេញបានបង្គាប់ឱ្យឃុំខ្លួនជនជាតិវៀតណាមចំនួន២នាក់ពីបទឆបោកជាក្រុមមានការចាត់តាំង

ភ្នំពេញ៖ ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញដីកាចំនួន២ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លើជនជាតិវៀតណាមចំនួន២នាក់ គឺទី១ ឈ្មោះ PHAM VAN TIEP ភេទប្រុស អាយុ៣៤ ឆ្នាំ និងទី២ឈ្មោះ TRINH XUAN LUC ភេទប្រុស អាយុ ៣៤ឆ្នាំ នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដើម្បីបន្តនីតិវិធីរបស់តុលាការ។
ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការអនុវត្តនីតិវីធី ពិនិត្យពីបទឆបោកជាក្រុមមានការចាត់តាំង ដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ, ពីបទ អ្នកបើក កន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥ នៃច្បាប់ស្តីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់, ពីបទ ចូលមកដោយ ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍។
សូមរម្លឹកថា ជនត្រូវចោទទាំងពីរនាក់នេះ ស្ថិតក្នុងចំណោមបុរសជនជាតិ វៀតណាមចំនួន៦នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងពេលចុះប្រតិបត្តិការ ត្រួតពិនិត្យ ទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅផ្ទះលេខ៥៩២ ផ្លូវលេខ៦៤៤ ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។ ការចុះប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយមានការដឹកនាំ ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងដោយមានការ សម្របសម្រួលនីតិវិធីផ្លូវច្បាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងក្របខណ្ឌនៃការត្រួតពិនិត្យ ធានាសណ្តាប់ធ្នាប់ សន្តិសុខសម្រាប់ការស្នាក់នៅរបស់ជនបរទេស។
ចំពោះករណីខាងលើនេះដែរ អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានសហការ ជាមួយដៃគូ និងភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវស៊ីឱ្យកាន់តែជម្រៅ ដោយផ្អែកលើវត្ថុតាង ដែលរឹបអូសបានពីទីតាំងប្រព្រឹត្តបទល្មើស ក្នុងគោលបំណងឈានទៅកំណត់មុខសញ្ញា និងវែកមុខបណ្តាញ អង្គការចាត់តាំងនៅពីក្រោយសកម្មភាពល្មើសច្បាប់ទាំងនេះ ដើម្បីយក មេខ្លោងពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង ដាច់ខាត។
ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការបង្ក្រាបអំពើ ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញា សង្ស័យជាមេខ្លោង និងបក្ខពួករបស់គេសរុបចំនួន៧៧នាក់ ហើយ ទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕