តក់ស្លុតណាស់! អតីតប្រធានាធិបតីអាម៉េរិក Joe Biden វ័យ៨២ឆ្នាំ បានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលចុងក្រោយ

ជំនួយការរបស់លោក Joe Biden បានអះអាងកាលពីថ្ងៃអាទិត្យថា អតីតប្រធានាធិបតីអាម៉េរិក Joe Biden បានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាត។ លោក Biden ត្រូវបានក្រុមគ្រូពេទ្យពិនិត្យនិងរកឃើញថាមានជំងឺដ៏កាចសាហាវនេះកាលពីសប្តាហ៍មុនបន្ទាប់ពីរូបលោកមានរោគសញ្ញាតាមរយៈទឹកនោម និងរកឃើញដុំក្រពេញប្រូស្តាតផងដែរ។ បន្តមកលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាតកាលពីថ្ងៃសុក្រនេះជាផ្លូវការ ដោយកោសិកាមហារីកបានរាលដាលដល់ឆ្អឹងរបស់លោកហើយ។ មន្រ្តីការិយាល័យរបស់លោកបានបន្ថែមថាស្ថានភាពជំងឺមហារីករបស់លោក Biden បានឈានទៅរកសភាពធ្ងន់ធ្ងរ ដោយមិនអាចឲ្យលោកគ្រប់គ្រងវាបានប្រកបដោយប្រសិទ្ធភាពនោះទេ។ អតីតប្រធានាធិបតីរូបនេះនិងក្រុមគ្រួសាររបស់លោកកំពុងស្វែងរកការពិនិត្យព្យាបាលលើជម្រើសផ្សេងទៀតជាមួយគ្រូពេទ្យជំនាញក្នុងប្រទេសដែរ។ មហារីកក្រពេញប្រូស្តាតត្រូវបានគេដាក់ពិន្ទុឬចំណាត់ថា្នក់ជា Gleason ដែលវាគឺត្រូវបានគេវាស់វែងលើមាត្រដ្ឋានពីពិន្ទុ១ ដល់១០ ហើយរបៀបដែលកោសិកាមហារីកនេះវិវត្តន៍ខ្លួនមើលទៅគឺដូចទៅនឹងកោសិកាធម្មតាដែរ។ ចំណែកលោក Biden វិញគឺមានពិន្ទុនៃកោសិកានេះឈានដល់លេខ៩ហើយ ដែលបង្ហាញថាជំងឺមហារីករបស់លោកគឺស្ថិតក្នុងចំណោមលេខដែលហានិភ័យបំផុត។ នៅពេលដែលមហារីកក្រពេញប្រូស្តាតរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ នោះវាច្រើនតែរាលដាលដល់ឆ្អឹងមនុស្សតែម្តង។ មហារីកប្រភេទ Metastasized នេះគឺពិបាកព្យាបាលជាងមហារីកទូទៅ ព្រោះវាពិបាកបញ្រ្ជៀបឱសថចូលទៅដល់ដុំសាច់ទាំងអស់ណាស់ ហើយវាបានចាក់ឫសទាំងស្រុងក្នុងឆ្អឹងមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមហារីកក្រពេញប្រូស្តាតត្រូវការអរម៉ូនដើម្បីលូតលាស់ ដូចជាក្នុងករណីរបស់លោក Biden ក្តី ប៉ុន្តែពួកគេអាចងាយនឹងទទួលការព្យាបាលដោយវិធីដកហូតដុំសាច់នៃអរម៉ូនទាំងនោះបាន អាស្រ័យលើសុខភាពរបស់ពួកគេ។ ប៉ុន្តែសុខភាពរបស់លោក Biden ក្នុងវ័យ៨២ឆ្នាំវិញ គឺជាកង្វល់ដ៏សំខាន់ក្នុងចំណោមអ្នកបោះឆ្នោតដែលជាអ្នកគាំទ្ររបស់លោក បន្ទាប់ពីលោកធ្លាប់បាននិយាយថាទោះជាលោកត្រូវអង្គុយលើរទេះរុញ ក៏លោកនៅតែមានឆន្ទៈដើម្បីបន្តប្រកួតប្រជែងដែរ។ បន្ទាប់មកលោកបានតែងតាំងអនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris ធ្វើជាបេក្ខភាពជំនួសលោក និង បានចាញ់សម្លេងឆ្នោតលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ដែលបានវិលត្រឡប់ទៅកាន់សេតវិមានវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល៤ឆ្នាំនោះ។ ប៉ុន្តែអំឡុងពេលនោះលោក Biden បានច្រានចោលក្តីព្រួយបារម្ភអំពីវ័យរបស់លោក បើទោះបីជាមានសេចក្តីរាយការណ៍នៅក្នុងគេហទំព័រ “Original Sin” ដោយ Jake Tapper និង Alex Thompson ក្តី។ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ លោក Biden មានដំបៅស្បែកចេញពីទ្រូងរបស់លោក ដែលជាមហារីកកោសិកា basal ដែលជាទម្រង់ទូទៅនៃជំងឺមហារីកស្បែក។ ហើយនៅក្នុងខែវិច្ឆិកាឆ្នាំ ២០២១ លោកមានដុំពកចេញពីពោះវៀនធំ ដែលវាជាដំបៅដ៏ស្រាល ប៉ុន្តែអាចកើតមុនមហារីកប្រូស្តាតរបស់លោក។ នៅឆ្នាំ ២០២២ លោក Biden បានរងនូវការវាយប្រហារផ្នែកសុខភាពដោយជំងឺមហារីកមួយ ដោយពេលនោះចំណុចអាទិភាពរបស់រដ្ឋបាលលោក Biden ក៏បានដាក់ចេញជាមួយនឹងគោលដៅកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺមហារីកពាក់កណ្តាលក្នុងរយៈពេល២៥ឆ្នាំខាងមុខថែមទៀតផង។ គំនិតផ្តួចផ្តើមនេះគឺធ្វើឡើងបន្ទាប់ជំងឺមហារីកខួរក្បាលបានសម្លាប់កូនប្រុសច្បងរបស់លោកដែលមានឈ្មោះថា Beau ក្នុងឆ្នាំ២០១៥ថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ