ឌីជីប៊ី ចូលរួមជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត ក្នុងការពង្រឹង និងកសាងសមត្ថភាពសិស្ស-និស្សិតឱ្យទទួលបានជំនាញមួយច្បាស់លាស់ សំដៅរួមចំណែកដល់ការកសាងមូលធនមនុស្សនៅកម្ពុជា

នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លឹម សុជាតិ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសមជាមួយ លោក Jeon Junmo អនុប្រធាននាយកប្រតិបត្តិ ធនាគារ ឌីជីប៊ី និងសហការី នៅស្នាក់ការកណ្តាលធនាគារ ឌីជីប៊ី រាជធានីភ្នំពេញ។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម លឹម សុជាតិ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអរគុណពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ចំពោះគណៈគ្រប់គ្រងធនាគារ ដែលតែងតែបាន និងកំពុងចូលរួមឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត។ បន្ថែមពីនោះ ឯកឧត្តម បានគូសបញ្ជាក់ថា សកម្មភាពដ៏ប្រពៃនេះ បានចូលរួមអភិវឌ្ឍមូលធនមនុស្ស ឱ្យស្របទៅតាមតម្រូវការនៃការវិវត្តនៃសង្គម និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៥ គឺជាលើកទី៣ ដែលធនាគារ ឌីជីប៊ី បានចូលរួមជាមួយសមាគម អ.ម.ត តាមរយៈការឧបត្ថម្ភថវិកា សម្រាប់រយៈពេល ៥ ឆ្នាំ (ក្នុងមួយឆ្នាំ ចំនួន ៦ ម៉ឺនដុល្លារអាម៉េរិក) ដែលនេះបានបង្ហាញពីឆន្ទៈចូលរួមជាមួយសមាគម អ.ម.ត ក្នុងការពង្រឹង និងកសាងសមត្ថភាពសិស្ស-និស្សិតឱ្យទទួលបានជំនាញមួយយ៉ាងច្បាស់លាស់ សំដៅរួមចំណែកដល់ការកសាងមូលធនមនុស្សនៅកម្ពុជា៕

#អមត #AMT