ដំរីព្រៃ ២ក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីធ្លាក់ចូលស្រះទឹកជ្រៅ នៅស្រុកអូររាំង
ខេត្តមណ្ឌលគិរី៖ សត្វដំរីព្រៃចំនួន ២ក្បាល (ក្នុងនោះមានដំរីញី ១ក្បាល) ដែលបានធ្លាក់ចូលទៅក្នុងស្រះទឹកជ្រៅមួយកន្លែង និងមិនអាចឡើងមកលើវិញបាន ត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់ និងបានត្រឡប់ចូលទៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។
ប្រតិបត្តិការជួយសង្គ្រោះដ៏លំបាកនេះ នៅចំណុចចុងរ៉ាង ស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្រោមការដឹកនាំផ្ទាល់របស់លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ សកម្មភាពនេះក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីឧទ្យានុរក្ស, មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ, អាជ្ញាធរភូមិ, សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋរស់នៅជិតខាងផងដែរ។
ដោយសារទីតាំងកើតហេតុមានភូមិសាស្ត្រលំបាក និងស្រះទឹកមានជម្រៅជ្រៅ ក្រុមការងារពុំអាចប្រើប្រាស់គ្រឿងចក្របានឡើយ ដោយបានសម្រេចចិត្តប្រើប្រាស់កម្លាំងបាយជីកដីបើកផ្លូវដោយដៃយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលជាង ៤ម៉ោង ទើបបង្កើតជាផ្លូវជម្រាលសម្រួលឱ្យសត្វដំរីព្រៃទាំង ២ក្បាល មានលទ្ធភាពដើរឡើងចេញពីស្រះទឹកបានដោយជោគជ័យ។
នាឱកាសនោះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំនាញ អាជ្ញាធរដែនដី និងប្រជាសហគមន៍ ដែលបានរាយការណ៍ព័ត៌មានទាន់ពេលវេលា និងបានសហការគ្នាយ៉ាងស្រសាក់ស្រស្រាំ។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា៖ «សត្វដំរីព្រៃ គឺជាប្រភេទសត្វកម្រ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាខេត្តមណ្ឌលគិរីទាំងមូល។ ការចូលរួមជួយសង្គ្រោះដំរីព្រៃនាពេលនេះ មិនត្រឹមតែជាការការពារជីវិតសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការភ្ញាក់រលឹក និងការយល់ដឹងកាន់តែច្បាស់របស់បងប្អូនប្រជាពលរដ្ឋអំពីសារសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ»៕



