ដំណើរស្វែងរកធម៌ក្នុងទឹកដីអង្គរ៖ កុលបុត្រកុលធីតា ៣២៨រូប ចូលរួមក្នុងពិធីបួសនាវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
ថ្មីៗនេះនៅលើទឹកដីជាប្រវត្តិសាស្ត្រនៃបរិវេណវត្តព្រះឥន្ទទេព (ក្បែរប្រាសាទបាយ័ន) បានរៀបចំពិធីបុណ្យយ៉ាងអធិកអធមមួយ គឺ “ពិធីកោសក់ បួងសក់ និងបំបួសកុលបុត្រកុលធីតា” ចំនួន ៣២៨រូប។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងយ៉ាងខ្ពង់ខ្ពស់ ដើម្បីបណ្តុះស្មារតីសីលធម៌ និងគុណធម៌តាមគន្លងព្រះពុទ្ធសាសនា ជូនដល់យុវជនខ្មែរ ទុកជាការតបស្នងសងគុណដ៏ឧត្តុង្គឧត្តមចំពោះមាតាបិតា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសគឺជាការត្រៀមលក្ខណៈអបអរសាទរ ពិធីបុណ្យវិសាខបូជា។ ពិធីបុណ្យដ៏ពិសិដ្ឋនេះ គឺជាការរំលឹកដល់មហាសិរីមង្គលទាំង ៣ នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺការប្រសូត ការត្រាស់ដឹង និងការយាងចូលបរិនិព្វាន។
បន្ទាប់ពីបានឆ្លងកាត់ពិធីកោសក់ និងបួងសក់តាមប្រពៃណីរួចមក កុលបុត្រដែលក្លាយជាសាមណេរ និងកុលធីតាដែលជាសីលវតី នឹងត្រូវសិក្សារៀនសូត្រពីវិន័យសិក្ខាបទ ប្រតិបត្តិធម៌វិន័យ និងចូលរួមក្នុងកិច្ចពិធីសាសនាផ្សេងៗយ៉ាងខ្ជាប់ខ្ជួន។ វគ្គសិក្សាអប់រំតាមផ្លូវធម៌នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃសៅរ៍ ១រោច ខែពិសាខ (ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦)។
វត្តមានរបស់សាមណេរ និងសីលវតីរាប់រយអង្គ/រូប ក្នុងសម្លៀកបំពាក់គ្រងចីវរ និងសម្លៀកបំពាក់សីល សាយភាយនូវបរិយាកាសដ៏សន្តិភាព ជ្រះថ្លា នៅចំពោះមុខប្រាសាទបុរាណ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវភាពរឹងមាំនៃ “បេតិកភណ្ឌរស់” ក្នុងរមណីយដ្ឋានអង្គរ ដែលជាព្រលឹងវិញ្ញាណរបស់ជាតិខ្មែរតរៀងមក៕



