ដំណឹងល្អ! ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ប្រកាសផ្តល់អាហាររូបករណ៍ អ.ម.ត របស់សម្តេចតេជោ ដល់កូនចៅបុគ្គលិកអនាម័យក្នុងខេត្តព្រះសីហនុ

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យ និងថែទាំសួនច្បារតាមតំបន់ឆ្នេរ និងតាមដងផ្លូវក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រកាសពីដំណឹងដ៏រីករាយមួយពាក់ព័ន្ធនឹងការបន្តការសិក្សារបស់កូនចៅបងប្អូនបុគ្គលិកអនាម័យ ដោយផ្តល់អាហាររូបករណ៍ អ.ម.ត របស់សម្តេចតេជោ ហ៊ុន សែន ។

ថ្លែងទៅកាន់បងប្អូនបុគ្គលិកបងប្អូនអនាម័យនៅវេទិកា ៧មករា ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តមិនត្រឹមតែយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពបច្ចុប្បន្នរបស់បងប្អូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរពីអនាគតកូនចៅរបស់បងប្អូនតាមរយៈការអប់រំផងដែរ។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖ “ប្រសិនបើបងប្អូនណាដែលមានកូនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយមានបំណងចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ សូមទាក់ទងមកសាលាក្រុងព្រះសីហនុ ឬទៅខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រោះយើងមានអាហាររូបករណ៍ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយសម្រួលដល់ការសិក្សារបស់ក្មួយៗ។”

ដើម្បីជួយសម្រួលដល់កូនចៅបុគ្គលិកអនាម័យឱ្យមានឱកាសក្រេបជញ្ជក់ចំណេះ ឯកឧត្តមបានណែនាំឱ្យបងប្អូន រៀបចំឯកសារពាក់ព័ន្ធនឹងការប្រឡងជាប់ថ្នាក់ទី១២ ទំនាក់ទំនងទៅកាន់ រដ្ឋបាលក្រុងព្រះសីហនុ ឬទំនាក់ទំនងទៅកាន់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ក្នុងការលើកកម្ពស់កម្រិតវប្បធម៌ និងការកសាងធនធានមនុស្ស ចេញពីគ្រួសារបុគ្គលិកដែលជាអ្នកផ្តល់សេវាអនាម័យជួរមុខ ដែលកំពុងខិតខំប្រឹងប្រែងដើម្បីសោភ័ណភាពខេត្ត។

គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវអំណោយលើកទឹកចិត្តជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់បងប្អូនបុគ្គលិកអនាម័យ និងថែទាំសួនច្បារទាំងអស់ ដែលមកពីក្រុងព្រះសីហនុ និងក្រុងកំពង់សោមផងដែរ៕

 

អត្ថបទ៖ ស្រីមុំ