ដំណាប់ស្វាយ និងទុរេន ត្រូវបានក្រុមហ៊ុនចិនចំនួន២ ចុះកិច្ចព្រមព្រៀងទិញ ៣,៥ម៉ឺនតោនពីកម្ពុជា

ភ្នំពេញ ៖ តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជ បានអោយដឹងថា ក្រុមហ៊ុនចិនចំនួន២ បានសម្រេចចិត្តទិញដំណាប់ស្វាយកម្ពុជា ចំនួន២ម៉ឺនតោន និងទុរេនកម្ពុជាចំនួន១ម៉ឺន៥ពាន់តោន ទៅកាន់ទីផ្សារប្រទេសចិន។
ក្រុមហ៊ុនទាំងពីរ រួមមាន៖ ក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd.។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ដោយមើលឃើញគុណភាព នៃផលិតផលរបស់កម្ពុជា ក្រុមហ៊ុនចិនទាំងពីរ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ឋសាស្ត្រជាមួយកម្ពុជា សម្រាប់ទិញ-លក់ ដំណាប់ស្វាយកម្ពុជាចំនួន២ម៉ឺនតោន ធ្វើឡើងចាប់ពីឆ្នាំ២០២៥-២០២៧ និងទុរេនកម្ពុជាចំនួន១ម៉ឺន៥ពាន់តោន ចាប់ពី២០២៥-២០២៦។ ពិធីចុះកិច្ចព្រមព្រៀងទិញ-លក់ ដំណាប់ស្វាយ និងទុរេនរបស់កម្ពុជា ធ្វើឡើងកាលពីថ្ងៃទី៦មិថុនា ក្រោមអធិបតីភាពលោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី Zeng Ling អភិបាលរងទីក្រុងប៉ីហៃ នាទៅក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្រៅពីកិច្ចព្រមព្រៀងទិញ-លក់ដំណាប់ស្វាយ និងទុរេនកម្ពុជា ថ្នាក់ដឹកនាំកម្ពុជា-ចិន លោក លីម ឡោកពិសិដ្ឋ និងលោកស្រី Zeng Ling ក៏បានអញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទំនិញកសិផលកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងថ្ងៃជាមួយគ្នាផងដែរ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែម និងជំរុញការនាំចេញផលិតផលកសិកម្មដែលមានសក្តានុពលរបស់កម្ពុជា តាមច្រកតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែទូលំទូលាយ។
សូមជម្រាបថា ផលិតផលខ្មែរជាច្រើនកំពុងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយទទួលបានការសរសើរពីគុណភាព និងរសជាតិ៕