ដើម្បីឱ្យការសិក្សារបស់សិស្សកាន់តែកាន់តែសម្បូរបែប ក្រសួងអប់រំនឹងដាក់បញ្ចូលបញ្ញាសិប្បនិម្មិត ក្នុងកម្មវិធីបង្រៀនភាសាបារាំងតាមសាលារៀន

ភ្នំពេញ ៖ ដើម្បីឱ្យការសិក្សារបស់សិស្សានុសិស្សកាន់តែកាន់តែសម្បូរបែប និងកាន់តែប្រសើរ ក្រសួងអប់រំយុវជននិងកីឡា នឹងបញ្ចូលបញ្ញាសិប្បនិម្មិត ទៅក្នុងកម្មវិធី បង្រៀនភាសាបារាំងនៅតាមសាលារៀន។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត ដើម្បីធ្វើឱ្យវិធីសាស្ត្របង្រៀនកាន់តែសម្បូរបែប និងបំពេញតម្រូវការរបស់អ្នកសិក្សាកាន់តែប្រសើរនៅថ្ងៃទី២៩កញ្ញា នៅខេត្តកំពត ថា ការដាក់បញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីបង្រៀនភាសាបារាំងនៅតាមសាលារៀនក្នុងគោលបំណងដើម្បីបំពាក់នូវជំនាញឌីជីថលរឹងមាំសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។ លើកកម្ពស់ការច្នៃប្រឌិតគរុកោសល្យថ្មីនិងការរួមបញ្ចូលបច្ចេកវិទ្យាសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងនានានៅក្នុងសង្គមនាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បន្តថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្មវិស័យអប់រំ និងពង្រឹងបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងក្នុងតំបន់។ដូចនេះសិក្ខាសាលានេះ គឺជាចក្ខុវិស័យមួយយ៉ាងល្អប្រសើរ ដែលអនុញ្ញាតឱ្យលោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំងទទួលបាននូវចំណេះដឹង

និងវិធីសាស្ត្របង្រៀនប្រកបដោយភាពច្នៃប្រឌិតក្នុងការបង្រៀនភាសាបារាំង ចំណេះដឹង វប្បធម៌ និងកិច្ចសហប្រតិបត្តិការផងដែរ។ បន្ថែមលើនេះ ការបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងការអប់រំ អាចជួយសម្រួលដល់សិស្សានុសិស្សនូវបទពិសោធន៍នៃការសិក្សាឱ្យកាន់តែមានគុណភាពល្អប្រសើរថែមទៀត។

លោកបណ្ឌិត រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង និងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបានរៀបចំកម្មវិធីសិក្ខាសាលានេះឡើងដើម្បីរួមចំណែកក្នុងការបណ្តុះបណ្ដាលចំណេះដឹងបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំង និងអ្នកពាក់ព័ន្ធតាមរយៈបទពិសោធន៍ និងវិធីសាស្ត្របង្រៀនថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ដែលជាចលករជម្រុញគុណភាពអប់រំឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕