ដើម្បីរំដោះទឹកពីប្រឡាយអូរអាគុជ ទៅស្ថានីយបូមទឹកកប់ស្រូវ អាជ្ញាធរខណ្ឌសែនសុខ បានស្ថាបនាប្រព័ន្ធលូថ្មីមួយខ្សែ

ភ្នំពេញ ៖ ដើម្បីរំដោះទឹកពីប្រឡាយអូរអាគុជ ទៅស្ថានីយបូមទឹកកប់ស្រូវ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌសែនសុខ បានស្ថាបនាប្រព័ន្ធលូរំដោះទឹកថ្មីមួយខ្សែទំហំ ១,៥០ម៉ែត្រ នៅលើផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ធាម ច័ន្ទសេរីវុឌ្ឍ បានឱ្យដឹងថា ប្រព័ន្ធលូរំដោះទឹកថ្មីនេះមានទំហំ ១,៥០ម៉ែត្រ (ផ្នែកខាងលិចផ្លូវ) ជាគម្រោងរបស់សាលារាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ ដែលត្រូវធ្វើចាប់ពីផ្លូវលេខ ១៩៨៦ ដល់ផ្លូវលេខ១៩៦៦ (ផ្សារថៃហួត) ប្រវែង៧៥០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ដើម្បីបង្ហូរទឹកពីប្រឡាយអូរអាគុជទៅស្ថានីយបូមទឹកកប់ស្រូវឲ្យបានលឿន កុំឲ្យមានការជន់លិចនារដូវវស្សាខាងមុខ។ លោក ធាម ច័ន្ទសេរីវុឌ្ឍ បន្ថែមថា ផ្លូវ១០០៣នេះ បានដាក់ប្រព័ន្ធលូម្តងរួចហើយ គឺនៅផ្នែកខាងកើត ហើយបច្ចុប្បន្នកំពុងដាក់ប្រព័ន្ធលូនៅផ្នែកខាងលិច ហើយនាពេលខាមុខ ផ្លូវមួយខ្សែនេះគឺមានប្រព័ន្ធលូរំដោះ២រត់ទន្ទឹមគ្នា។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌសែនសុខ បានជូនដំណឹងដលប្រជាពលរដ្ឋពីការស្ថាបនាបប្រព័ន្ធលូថ្មីនេះ ដើម្បីជាការចូលរួម សហការ និងបង្កលក្ខណៈងាយស្រួលជាមួយអាជ្ញាធរ ដោយរុះរើសំយ៉ាប និងសំណង់គ្រប់ប្រភេទចេញពីចំណីផ្លូវសាធារណៈឲ្យបានមុនថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥៕។ ដោយៈសាវរក្ស