ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ អភិបាលខេត្តកំពត ជំរុញឲ្យក្រុមផលិតអំបិលបង្កើនការផលិត

ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជំរុញដល់ក្រុមផលិតអំបិល ត្រូវបង្កើនការផលិតឲ្យបានច្រើន ដើម្បីផ្តត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននៅសល់តែខេត្តកំពត និងកែបប៉ុណ្ណោះ ដែលអាចនៅផលិតអំបិលតាមបែបធម្មជាតិបាន ហើយមានគុណភាពខ្ពស់ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា បច្ចុប្បន្នមានតែខេត្តកំពត និងកែបតែប៉ុណ្ណោះ ដែលនៅផលិតអំបិលតាមបែបធម្មជាតិ ដូច្នេះក្រុមអ្នកផលិតអំពិលកំពត-កែបទាំង ១៧១ក្រុម ត្រូវបន្តខិតខំបង្កើនការផលិត ហើយម្ចាស់ដីស្រែអំបិលចាស់ៗ សូមត្រឡប់មកផលិតអំបិលឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ខណៈដែលប្រជាជននាំគ្នាងាកមកគាំទ្រផលិតផលខ្មែរ ហើយវាស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការនាំចូល និងលើកស្ទួយផលិតកម្មក្នុងស្រុក ដើម្បីចីរភាព និងកំណើន។ ការរួមគ្នាបង្កើនការផលិតអំបិល មិនត្រឹមតែជួយលើកម្ពស់លើវិស័យអំបិលប៉ុណ្ណោះទេ តែវាក៏ជួយអភិរក្សនូវទំនៀមទម្លាប់ប្រពៃណី នៃការផលិតអំបិលរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកជាងពាន់ឆ្នាំឲ្យនៅគង់វង្ស ហើយជាពិសេសជួយទាក់ទាញភ្ញៀវទេសចរថែមទៀតផង។

យោងតាមរបាយការណ៍របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានបង្ហាញថា ខេត្តកំពតមានដីផលិតអំបិលសរុប ៣ ៤៨៩,៤៨ ហិកតា មានក្រុមផលិត ១៧១ ក្រុម កម្លាំងពលកម្ម ១ ៤៧៤ នាក់ និងឃ្លាំងស្តុក ៥៣៦ ឃ្លាំង។ ក្នុងឆ្នាំ២០២៥ ខេត្តកំពតផលិតអំបិលបាន ៣១ ៣៨២ តោន ហើយបូករួមអំបិលក្នុងស្តុកដើម សរុបមាន ៨២ ២៤២ តោន។ ការលក់បាន ៧៤ ១១៧ តោន ហើយអំបិលកំពុងនៅសល់ក្នុងស្តុកចំនួន ៣ ៧២០ តោន ខណៈដែលតម្រូវការប្រើប្រាស់ក្នុងប្រទេសប្រមាណ ១០ ទៅ១១ម៉ឺនតោន ក្នុងមួយឆ្នាំ៕