ដើម្បីជំរុញភាពជាដៃគូ! ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានជួប ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកូរ៉េ ស្តីពីសក្តានុពលវិនិយោគ និងទេសចរណ៍

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម Park IL ឯកអគ្គរដ្ឋទូតទទួល បន្ទុកបេសកកម្មពិសេស នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍ។

នៅក្នុងជំនួប ដែលធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ

ឯកឧត្តមអភិបាលខេត្ត លើកបង្ហាញពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងជា “តារារះនាទិសនារតី”។ ឯកឧត្តម ក៏បានរំឭកពីសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងកូរ៉េចំនួន ៣ រួចមកហើយ រួមមាន ក្រុងឆាងវុន (២០១៧), ក្រុងគូរី (២០១៧), និង ក្រុងប៊ុងហ្វា (២០០៩)។

ឯកឧត្តម Park IL បានសម្តែងនូវការកោត សរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ជាពិសេសចក្ខុវិស័យនៃការអភិវឌ្ឍកំពង់ផែជា ៣ ដំណាក់កាល។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ខេត្តព្រះសីហនុពិតជាមានសក្តានុពល និងទេសភាពស្រស់ស្អាត។

ទន្ទឹមនឹងនេះ ឯកឧត្តម បានស្នើឲ្យខេត្តព្រះសីហនុ ពិចារណាចងសម្ព័ន្ធមេត្រីភាពបន្ថែមជាមួយ ទីក្រុងអ៊ូសាន (Ulsan) ដែលជាទីក្រុងមួយសំខាន់លើវិស័យដឹកជញ្ជូនរបស់កូរ៉េ ដើម្បីផ្លាស់ប្តូរបទពិសោធន៍។ ឯកឧត្តមសង្ឃឹមថា រដ្ឋបាលខេត្តនឹងជួយសម្រប សម្រួលប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ។ លើសពីនេះ ឯកឧត្តមបានសន្យាថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគរបស់ខេត្តទៅកាន់ប្រជាពលរដ្ឋ និងអ្នកវិនិយោគកូរ៉េឲ្យបានកាន់តែទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានទទួលយកសំណើ របស់ឯកអគ្គរដ្ឋទូតកូរ៉េទ ដើម្បីឱ្យប្រជាពលរដ្ឋកូរ៉េដែលប្រកបមុខរបរក្នុងខេត្តព្រះសីហនុ ទទួលបាននូវសុវត្ថិភាព និងសង្ឃឹមថា ប្រទេសទាំង ពីរកាន់តែមានទំនាក់ទំនងកាន់តែល្អបន្ថែមទៀត។