ដើម្បីជីវភាពប្រជាសហគមន៍ អាជ្ញាធរជំរុញការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥ ក្នុងខេត្តកែប

ខេត្តកែប ៖ ដើម្បីជីវភាពប្រជាសហគមន៍ កាន់តែប្រសើរឡើង អាជ្ញាធរខេត្តកែប បាននិងកំពុងជំរុញឲ្យមានការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥ នៅក្នុងភូមិសាស្រ្តខេត្តកែប ដែលជាការជួយគិតគូ ពីជីវភាព របស់ប្រជាសហគមន៍។

ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ដោយមានការចង្អុរបង្ហាញពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប ក៏ដូចជាលោកជំទាវ ចម និមល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ដោយបានឃើញគោលដៅពីរធំៗដែលកំពុងជំរុញក្នុងការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥ នៅក្នុងភូមិសាស្រ្តខេត្តកែប។

ឯកឧត្តមអភិបាលរងខេត្តកែប បន្តថា ចំពោះគោលដៅធំទី១ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានបីសំខាន់គឺ ផ្លូវ ចំណត និងបន្ទប់ទឹក និងគោលដៅធំទី២ ក្នុងការបង្កើនវិស័យវារីវប្បកម្មទៅតាមស្ថានភាព នៅតាមសហគមន៍ទាំង៥ ពោលការជំរុញឱ្យមានការចិញ្ចឹមគ្រឿងសមុទ្រនៅក្នុងភូមិសាស្រ្តខេត្តកែប។

ក្នុងនោះដែរអាជ្ញាធរ កំពុងធ្វើការជំរុញការពង្រីកបន្ថែមនូវតាមសហគមន៍ដែលមានស្រាប់ទាំង៥ នេះ ជាការជួយគិតគូរពីជីវភាពរបស់ប្រជាសហគមន៍ ពីសំណាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ក្រោមកម្ចីឥណទាន ADB (ធានាគារអភិវឌ្ឍន៍អាស៊ី)៕