ដើម្បីកាត់បន្ថយការចំណាយ ប្រចាំថ្ងៃ អភិបាលខេត្តពោធិ៍សាត់ លើកទឹកចិត្តឱ្យពលរដ្ឋ ដែលមានដីទំនេរ ដាំបន្លែធម្មជាតិ
ខេត្តពោធិ៍សាត់ ៖ ថ្លែងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ ពីបរិស្ថាន អនាម័យ និងការប្រកបរបរកសិកម្ម ការដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក៏ដូចជាភូមិ ឃុំ ស្រុកនានានៅទូទាំងខេត្តពោធិ៍សាត់ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់ប្រជាពលរដ្ឋ ក្រៅពីការងារបង្កបង្កើនផលស្រូវ បានយកពេលវេលាទំនេរងាកមកដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុង ភូមិ ឃុំ ស្រុក ថែមទៀត ព្រោះបន្លែរបស់យើងគ្មានជាតិគីមី មិនប៉ះពាល់សុខភាព ជាពិសេសថាអាចកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។
រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ខិតខំដាំបន្លែបែបធម្មជាតិឱ្យបានច្រើន នៅតាមសហគមន៏ ជាពិសេសបន្លែដែលមិនប្រើជាតិគីមី ព្រោះថាបន្លែធម្មជាតិ ធានាសុវត្ថិភាពដល់អ្នកទិញបន្លែ យកទៅបរិភោគជាប្រចាំ និងមានតម្លៃសមរម្យ៕



