ជ័យលាភីនៃកម្មវិធីប្រកួតសវនាការប្រឌិតជាភាសាខ្មែរ ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែររៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) និងមានកិច្ចសហការដោយសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាក្នុងរយៈពេលបីថ្ងៃចាប់ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កាបំផុត។ និស្សិតច្បាប់ទាំង ១៥ក្រុម មកពី ៩ សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា បានបង្ហាញអំពី ចំណេះដឹងអំពីអង្គហេតុ និងអង្គច្បាប់ ការវិភាគ និងអំណះអំណាង កម្រិតស្រាវជ្រាវ និងការប្រើប្រាស់ការស្រាវជ្រាវ ការៀបចំ និងភាពច្បាស់លាស់ព្រម ទាំងភាពជឿជាក់ខ្ពស់ ក្នុងការបកស្រាយ និងការការពារអំណះអំណាងរបស់ខ្លួនដោយប្រើ ច្បាប់ជាតិ យុទ្ធសាស្ត្រ ច្បាប់អន្តរជាតិដ៏ប៉ិនប្រសប់នៅក្នុង ការប្រកួតតុលាការប្រឌិតឆ្នាំ២០២៦នេះ។

កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាឆ្នាំ២០២៦នេះ វគ្គបឋមត្រូវបានរៀបចំនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រត្រូវបានរៀបចំនៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ លទ្ធផលនៃការប្រកួតនេះមានដូចតទៅ៖

ជ័យលាភីទី១៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ជ័យលាភីទី២៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ជ័យលាភីទី៣៖ក្រុមនិស្សិតច្បាប់មកពីសាកលជាតិគ្រប់គ្រង

មេដាយឯកត្តជន៖ មេដាយអ្នកថ្លែងការណ៍ល្អបំផុតរបស់ភាគី “ព្រះរាជអាជ្ញា” បានទៅលើនិស្សិត ចិច ជីលីជលសា មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី ព្រះរាជអាជ្ញា” បានទៅនិស្សិត ឡាយ គឹមលីន មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

 មេដាយអ្នកថ្លែងការណ៍ល្អបំផុត របស់ភាគី “ការពារក្តី” បានទៅនិស្សិត ទីម ជាតិសុវិចិត្រ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង

មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី “ការពារក្តី” គឺបានទៅនិស្សិត ហេង លីជូ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង មេដាយអ្នកថ្លែងការណ៍ល្អបំផុត របស់ភាគី “ដើមបណ្តឹងរដ្ឋប្បវេណី” បានទៅនិស្សិត យ៉ា រាវិត មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង

មេដាយអ្នកថ្លែងការណ៍ល្អលេខ២ស្ទួន របស់ភាគី “ដើមបណ្តឹងរដ្ឋប្បវេណី” បានទៅនិស្សិត ឃឿង នីរតី  មកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា  និងនិស្សិត តុលា សុវណ្ណបញ្ញា មកពីសាកលវិទ្យាល័យបៀលប្រាយឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ពានរង្វាន់នោះបានបានសម្តែងការកោតសរសើរចំពោះភាពប៉ិនប្រសប់របស់និស្សិត និងបានអបអរសាទរដល់ជ័យលាភីទាំងអស់។

ឯកឧត្តមមានប្រសាសន៍ថា៖ “ក្នុងឆ្នាំទី២នៃការប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែរ នេះ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយជាអនេក ដោយឃើញពីការចូលរួមយ៉ាងផុសផុលរបស់បេក្ខជនមកពីបណ្តាមហាវិទ្យាល័យនានា ក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល៣ ថ្ងៃកន្លងមកនិងបានឆ្លងកាត់ការវិនិច្ឆ័យផ្តល់ពិន្ទុយ៉ាងសុក្រឹត្យពីសំណាក់ចៅក្រម ដែលសុទ្ធសឹងជាចៅក្រម និងព្រះរាជ អាជ្ញា អាជីព ព្រមទាំងជាមេធាវីដែលមានបទពិសោធ យើងទទួលបានក្រុមជ័យលាភីដែលប្រកបដោយគុណភាព សម្រាប់ការប្រកួតនេះ”។

ឯកឧត្តម ប្រធានរដ្ឋបាលស្តីទីបានលើកឡើងថា អ.វ.ត.ក. បានរៀបចំបង្កើតកម្មវិធីប្រកួតតុលាការប្រឌិត ជាភាសាខ្មែរ នេះឡើង ក្នុងគោលបំណងជួយជំរុញដល់និស្សិតច្បាប់ និងអ្នកស្រាវជ្រាវកម្ពុជា ចូលមកសិក្សាស្រាវជ្រាវឯកសារសំណុំរឿង និង យុត្តិសាស្ត្រល្អៗ សម្រាប់បង្កើនចំណេះដឹង និងបទពិសោធផ្ទាល់ខ្លួនផ្នែកច្បាប់ ជាពិសេសច្បាប់ព្រហ្មទណ្ឌអន្តរជាតិនៅមជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. ។ ឯកឧត្តមបញ្ជាក់ថា មជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. បានរក្សាទុកនូវរាល់ឯកសារ សំណុំរឿងទាំងជិត ២.៥ លានទំព័រ រូបភាពវីដេអូនៃសវនាការ សៀវភៅច្បាប់ និងសៀវភៅប្រវត្តិសាស្ត្ររាប់ពាន់ក្បាល ព្រមទាំងឯកសារស្រាវជ្រាវជាច្រើនទៀត សម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវរបស់និស្សិតទាំងអស់ ជាពិសេសនិស្សិតច្បាប់។

ជាមួយគ្នានេះផងដែរឯកឧត្តម ក្រាញ់ តូនី បានលើកទឹកចិត្ត ចំពោះក្រុមដែលមិនបានទទួលជ័យលាភី សូមព្យាយាមនៅឱកាសក្រោយទៀត ដោយសារតែយើងនឹងមានការប្រកួតប្រជែងនៅឆ្នាំក្រោយៗទៀត ដោយត្រូវខិតខំស្រាវជ្រាវបន្ថែម ហើយចាត់ទុកថាការប្រកួតប្រជែងលើកទីមួយនេះ គឺជាការស្វែងរកបទពិសោធថ្មីៗ។