ជំនួយឧបត្តម្ភរបស់ក្រសួងការងារ ត្រូវបាននាំយកទៅផ្តល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរកងទ័ព
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ចែងជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ក្នុងស្មារតីតែមួយ ខ្មែរតែមួយ ដើម្បីរួមគ្នាជួយដល់វីរកងទ័ពដ៏អង់អាចក្លាហានក្នុងសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹកដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។
អំណោយដ៏ថ្លៃថ្លាទាំងនោះ រួមមាន៖ ខ្ទឹមស ចំនួន ៣ តោន, ថ្នាំ Berocca ចំនួន ៥,០០០ ទីប, ភេសជ្ជៈ ចំនួន ២,០០០ កេស, ត្រីងៀត ចំនួន ២០០ គីឡូក្រាម និងសាច់ក្រក ចំនួន ២០០ គីឡូក្រាម។
ចំពោះអំណោយទាំងអស់នេះ គឺជាការឆ្លើយតបចំពោះការលំបាកខ្វះខាតនានាក្នុងគ្រា ដែលកម្ពុជាទទួលរង នូវការវាយប្រហារឈ្លានពានពីយោធាថៃ។ តាមរយៈការយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជនភៀសសឹក និងវីរកងទ័ព ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានបង្ហាញពីស្មារតីជាតិនិយម តបតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេស ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលកំពុងរួមគ្នាជួយសម្រាលបន្ទុក នៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូននៅតំបន់សមរភូមិមុខ៕



