ជំនួបពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តី បានបង្ហាញនូវជំនឿជឿជាក់ថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ សម្រាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយដែលទទួលបានការចាត់តាំងឱ្យបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង អ៊ីស្រាអែល-កម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរក្នុងវិស័យការងារ ឱ្យកាន់តែរីកចម្រើន។

បន្ថែមពីនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេស ការផ្លាស់ប្ដូរកម្លាំងពលកម្មឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅបន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។