ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Minh Vu សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ទីស្ដីការក្រសួង៖ នារសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nguyen Minh Vu សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរលូន និងល្អប្រសើរ ជាពិសេសលើការតភ្ជាប់ផ្លូវល្បឿនលឿនរបស់ប្រទេសទាំងពីរ- ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ ការតភ្ជាប់ការដឹកជញ្ជូនតាមពីកំពង់ផែខេត្តកំពតកម្ពុជា ជាមួយនឹងកំពង់ផែសមុទ្ររបស់វៀតណាម និងការពិចារណាដំឡើងហេដ្ឋារចនាសម្ព័ន្ធព្រំដែនបន្ថែម ជំរុញដល់ការបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕



