ជំនួបទ្វេភាគីរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី Santo Darmosumarto ក្នុងព្រឹត្តិការណ៍សន្និសទ្ធីកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០

ជំនួបទ្វេភាគីរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី Santo Darmosumarto ក្នុងព្រឹត្តិការណ៍សន្និសទ្ធីកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និង ឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី Santo Darmosumarto ក្នុងព្រឹត្តិការណ៍សន្និសទ្ធីកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ឯកអគ្គរាជទូតឥណ្ឌូនេស៊ី បានកោតសរសើរក្រសួងព័ត៌មានក្នុងការរៀបចំកម្មវិធី AMS កាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៥នេះ និងបានអបអរសាទរដែលទទួលបានជោគជ័យក្នុងការរៀបចំនេះ។
ឯកឧត្តម ឯកអគ្គរាជទូតឥណ្ឌូនេស៊ី សានតូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ក៏បានកោតសរសើរក្រសូងព័ត៌មានដែលបានខិតខំបំពេញការងារយ៉ាងសកម្មដែលឯកឧត្តមឯកអគ្គរាជទូតបានមើលតាមប្រព័ន្ធផ្សព្វផ្សាយ ដែលឃើញមានគំនិតផ្ដួតផ្ដើមហើយនិងសកម្មភាពជាច្រើនពាក់ព័ន្ធនិងវិស័យព័ត៌មាន និងសោតទស្សន៍ដែលឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីមើលឃើញថាជាចំណុចវិជ្ជមានមួយល្អប្រសើររបស់ក្រសួងព័ត៌មាន។
បន្ថែមពីនេះឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីក៏បានលើកឡើងរវាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានឥណ្ឌូនេស៊ី ដោយឡែកក្រសួងព័ត៌មានកម្ពុជាក៏បានរៀបចំសេចក្ដីព្រាង MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មានឥណ្ឌូនេស៊ីផងដែរ។
ក្នុងនោះឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី Santo Darmosumarto ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃសហគមន៍អ៊ីស្លាមនៅកម្ពុជា ដែលឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីបានកោតសរសើរ ពីសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាដែលជាគំរូមួយនៅក្នុងតំបន់ហើយក៏ដូចជាក្នុងពិភពលោក ដែលពិភពលោកគួររៀនសូត្រពីកម្ពុជានិងយកគំរូតាមក្នុងការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា។ ឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីបានបន្តថា នឹងមានកិច្ចសហប្រតិបត្តិការក្នុងផ្សព្វផ្សាយពីសហគមន៍អ៊ីស្លាមនៅពេលខាងមុខ។
ឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី Santo Darmosumarto បានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏ធ្លាប់បានលើកអំពីបញ្ហានេះ កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅឥណ្ឌូនេស៊ី។
ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានក្រសួងព័ត៌មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជន ងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕