ជំនន់ទឹកភ្លៀងដូចបាក់ទំនប់ធ្លាក់ចុះពីកំពូលភ្នំសង្រ្គប់លើភូមិមួយនៅប្រទេសឥណ្ឌាបានសម្លាប់មនុស្ស៤នាក់ និងជាង៥០នាក់បាត់ ខ្លួននៅឡើយ

ជំនន់ទឹកភ្លៀងពីលើកំពូលភ្នំដ៏សន្ធប់បានហូរបុកមកចាក់ពីលើភូមិឋាននិងបំផ្លាញផ្ទះសម្បែង -ហាងលក់ទំនិញជាច្រើនរាប់រយនៅភាគខាងជើងប្រទេសឥណ្ឌាដោយបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ស្លាប់ និងមនុស្សជាង៥០នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយទេ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋានឥណ្ឌាកាលពីថ្ងៃអង្គារម្សិលមិញ។ ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកបានបង្ហាញឲ្យឃើញនូវទឹកជំនន់ដ៏សម្បើមនោះបានហូរចុះពីលើភ្នំហើយបុកចូលទៅលើភូមិ Dharali ដែលជាភូមិជម្រាលភ្នំមួយនៅក្នុងស្រុក Uttarkashi នៃរដ្ឋ Uttarakhand ។ គួរបញ្ជាក់ថាទឹកជំនន់ភ្លាមៗនេះបានពន្លិចផ្ទះប្រជាពលរដ្ឋ បំផ្លាញផ្លូវថ្នល់ និងផ្សារមួយក្នុងតំបន់នោះផងដែរ។ យ៉ាងណាមិញអាជ្ញាធរបានប្រាប់ថា៖ ក្រុមជួយសង្គ្រោះ រួមមានទាំងទាហានឥណ្ឌា និងប៉ូលីស កំពុងស្វែងមនុស្សដែឡបាត់ខ្លួន។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ឥណ្ឌាបានស្នើសុំឲ្យរដ្ឋាភិបាលផ្តល់ឧទ្ធម្ភាគចរ ៣គ្រឿងបន្ថែមទៀត ដើម្បីជួយការងារសង្គ្រោះ និងផ្ដល់ជំនួយសង្គ្រោះបឋម ដោយសារតែតំបន់នោះជាជម្រាលភ្នំនិងពិបាកចូលទៅដល់។ ទោះជាយ៉ាងណាក្ដីមន្ត្រីមូលដ្ឋាននៅតែមិនទាន់អាចបង្ហាញបាននូវចំនួនអ្នកជាប់គាំង ឬបាត់ខ្លួនពិតប្រាកដនៅឡើយទេ។ យោងតាមទីភ្នាក់ងារអាកាសធាតុរបស់ឥណ្ឌាវិញបានព្យាករណ៍ឲ្យដឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងតំបន់នោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គួរបញ្ជាក់ថាអាជ្ញាធរក៏បានស្នើឲ្យសាលារៀននៅក្នុងខេត្តជាច្រើន រួមទាំងទីក្រុង Dehradun និង Haridwar ត្រូវបិទទ្វាបណ្តោះអាសន្នសិន ដើម្បីសុវត្ថិភាពសិស្សានុសិស្ស៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា