ជំនន់ទន្លេមេគង្គប៉ះពាល់ដំណាំនៅក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា ជំរុញកសិករធ្វើពិពិធកម្មដំណាំ
(ក្រចេះ)៖ ទឹកជំនន់ទន្លេមេគង្គបានបន្តជន់លិចផ្ទៃដីកសិកម្មនៅខេត្តក្រចេះអស់រយៈពេល ៨ថ្ងៃជាប់គ្នា បណ្តាលឱ្យដំណាំស្រូវ និងដំណាំផ្សេងៗរងផលប៉ះពាល់ និងបង្កការព្រួយបារម្ភដល់ជីវភាពប្រជាកសិករ។
ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់លើវិស័យកសិកម្មនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីជំនាញកសិកម្ម ដើម្បីស្វែងយល់ពីផលប៉ះពាល់ និងស្វែងរកវិធានការជួយប្រជាកសិករ។
ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យកសិករសហការជាមួយមន្ត្រីជំនាញ សិក្សាពីប្រភេទដី ស្ថានភាពទឹក រដូវកាល និងហានិភ័យនៃការជន់លិច មុនសម្រេចជ្រើសរើសប្រភេទដំណាំ និងវិធីសាស្ត្រដាំដុះ។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា កសិករមិនគួរពឹងផ្អែកតែលើដំណាំស្រូវមួយមុខនោះទេ ប៉ុន្តែគួរធ្វើពិពិធកម្មដំណាំ ដើម្បីកាត់បន្ថយហានិភ័យនៃការខាតបង់។ ឯកឧត្តមបានណែនាំឱ្យពិចារណាប្រើពូជស្រូវមានរយៈពេលខ្លី និងដាំដំណាំជំនួស ដូចជា ឈូក អំពៅ ពោត និងបន្លែ ដោយផ្អែកលើស្ថានភាពតំបន់ និងតម្រូវការទីផ្សារ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «ការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ មានន័យថា យើងត្រូវផ្លាស់ប្តូររបៀបធ្វើការរបស់យើង។ កាលពីមុន យើងដាំតែស្រូវ»។
ឯកឧត្តមក៏បានលើកយកឧទាហរណ៍ពីឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដែលកសិករបានផ្លាស់ប្តូរពីការដាំស្រូវមកដាំឈូក ដើម្បីបន្សាំខ្លួនទៅនឹងស្ថានភាពទឹក។ ឯកឧត្តមបានលើកទឹកចិត្តដល់កសិករនៅតំបន់រងផលប៉ះពាល់ ឱ្យទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅទីនោះ បន្ទាប់ពីទឹកស្រក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យកសិករពិចារណាធ្វើកសិកម្មតាមបែបសហគមន៍ ជាពិសេសអ្នកមានផ្ទៃដីតូច ដើម្បីរួមគ្នារៀបចំការដាំដុះ ចែករំលែកធនធានទឹក និងធ្វើពិពិធកម្មដំណាំ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «បើយើងមានដីតូច យើងគួរតែរួមគ្នាធ្វើជាសហគមន៍»។
ដោយឡែក លោក ទួន សៀងហ៊ី អាយុ ៥១ឆ្នាំ ជាកសិកររស់នៅភូមិសំបុក បានឱ្យដឹងថា ស្រែស្រូវរបស់លោកទំហំ ៤៥អា ត្រូវបានរងផលប៉ះពាល់ ហើយប្រមូលផលបានត្រឹមតែ ១៩បាវ ដោយត្រូវប្រមូលផលមុនកំណត់ ដើម្បីចៀសវាងការខូចខាតកាន់តែច្រើនដោយសារទឹកជំនន់។
ការធ្វើពិពិធកម្មដំណាំ និងការកែសម្រួលរបៀបធ្វើកសិកម្មឱ្យស្របតាមស្ថានភាពដី ទឹក អាកាសធាតុ និងទីផ្សារ គឺជាវិធាន ការសំខាន់ក្នុងការកាត់បន្ថយហានិភ័យ បង្កើនភាពធន់របស់ប្រជាកសិករ និងរួមចំណែករក្សាស្ថិរភាពជីវភាពប្រជាពលរដ្ឋ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ៕




