ជប៉ុន នឹងជួយសាងសង់អគារសិក្សា ២០ខ្នងក្នុងមួយឆ្នាំដល់កម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ បានធ្វើឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចការងាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។ អង្គការមួយរបស់ជប៉ុន គ្រោងជួយសាងសង់អាគារសិក្សាចំនួន២០ខ្នងក្នុងមួយឆ្នាំដល់កម្ពុជា។ ការបញ្ជាក់ពីគម្រោងជួយកម្ពុជាលើការសាងសង់អគារសិក្សានេះ បានធ្វើឡើងដោយអគ្គនាយកអង្គការ School Aid Japan គឺលោក MIKI Watanabe ក្នុងពេលចូលជួបនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទីក្រុងតូក្យូ នារសៀលថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៥។

លោក MIKI Watanabe បានជម្រាបជូនសម្ដេចធិបតី ថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយបានបើកជាមជ្ឈមណ្ឌលកុមារកំព្រា ដែលបច្ចុប្បន្នមានកុមារកំព្រាជាង១០០នាក់ កំពុងស្នាក់នៅ និងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ។

លោក បានបន្ថែមថា អង្គការ School Aid Japan បានផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា ដែលជាក្មេងកំព្រា ដោយមានកម្មវិធីផ្ដល់អាហារពេលព្រឹកទៅដល់សិស្សានុសិស្សនៅតាមសាលារៀនសរុបជាង ២ម៉ឺននាក់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លើសពីនេះ អង្គការ School Aid Japan ក៏បានបើកសាលាបង្រៀនភាសាជប៉ុនទៅដល់កូនខ្មែរផងដែរ។

លោកអគ្គនាយកអង្គការ ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់សកម្មភាពការងាររបស់អង្គការ School Aid Japan នៅកម្ពុជា ហើយលោកបានបញ្ជាក់នៅចំពោះមុខសម្ដេចធិបតី ថា អង្គការ School Aid Japan មានគម្រោងកសាងអាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ៕