ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងដ៏មានសារៈសំខាន់នេះ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាសមិទ្ធផលដ៏មានអត្ថន័យមួយ ក្នុងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលជប៉ុន និងអង្គការសហប្រជាជាតិ (UN) ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ និងរងផលប៉ះពាល់ពីវិបត្តិតាមព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ តាមរយៈការឆ្លើយតបប្រកបដោយបរិយាបន្ន គណនេយ្យភាព និងពហុវិស័យ ក្នុងទិសដៅគាំទ្រពួកគាត់ក្នុងដំណាក់កាលស្តារឡើងវិញដ៏លំបាកនេះ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលគាំទ្រថវិកាសប្បុរសធម៌បន្ថែមនេះ ដោយឯកឧត្តមគូសបញ្ជាក់ថា គោលបំណងស្នូលនៃគម្រោងដែលអនុវត្តដោយ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការសហប្រជាជាតិសម្រាប់ស្ត្រី (UN Women) ដោយសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺដើម្បីការពារ និងលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូររបស់អតីតពលករ ព្រមទាំងសហគមន៍ដែលប្រឈមនឹងហានិភ័យ ដោយផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារស្ត្រី និងកុមារី តាមរយៈការរួមគ្នាឆ្លើយតបរវាងក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍ ក្នុងភាពជាដៃគូយូរអង្វែងជាមួយអង្គការសហប្រជាជាតិ និងសង្គមស៊ីវិល។
ឯកឧត្ដមមានប្រសាសន៍ថា រាជរដ្ឋាភិបាលជប៉ុន ជាពិសេសឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការតាមដានស្ថានការណ៍ អំពាវនាវឱ្យមានការសន្ទនាដោយសន្តិវិធី និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសសឹក និងអតីតពលករ។ ការបន្តកិច្ចសហការ រវាងរាជរដ្ឋាភិបាលជប៉ុន អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជានាថ្ងៃនេះ គឺជាសក្ខីភាពដ៏មានអានុភាពនៃចក្ខុវិស័យ ដែលបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដ៏រឹងមាំរួមគ្នាក្នុងការការពារសេចក្តីថ្លៃថ្នូរ លើកកម្ពស់ការងារសមរម្យ និងធានាថា «គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ក្នុងដំណើរឆ្ពោះទៅរកវិបុលភាពរបស់យើងនោះឡើយ»។
ឯកឧត្ដម ហេង សួរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីរក្សាស្ថិរភាព។ ជាក់ស្តែង អតីតពលករប្រមាណ ៦៥ម៉ឺននាក់ទទួលបានការងារធ្វើ ដែលក្នុងនោះប្រមាណ ៣៤ម៉ឺននាក់ តាមរយៈយន្តការសម្របសម្រួលរបស់ក្រសួង រួមទាំងការបង្កើតលេខទូរស័ព្ទ Hotline ១២៩៧ និងការរៀបចំពិព័រណ៍ និងវេទិកាការងារនៅទូទាំងប្រទេស។ ពួកគាត់ក៏ទទួលបានការបណ្តុះបណ្តាលជំនាញតាមរយៈកម្មវិធី TVET ជាពិសេសការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។ តាមរយៈការបន្តកិច្ចសហការនេះ កម្ពុជានឹងអាចប្រែក្លាយបញ្ហានាពេលបច្ចុប្បន្ន ឱ្យទៅជាជោគជ័យនាពេលអនាគតដែលមានជំនាញកាន់តែប្រសើរ ការងារមានតម្លៃខ្ពស់ និងភាពធន់ដ៏រឹងមាំ។
លោកស្រី Sandra Bernklau តំណាងស្តីទីអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាតំណាងមូលនិធិ UNFPA បានសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាទទួលស្គាល់នូវភារកិច្ចដ៏សំខាន់របស់ក្រសួងការងារចំពោះចំណាត់ការដ៏ឆាប់រហ័សក្នុងការសម្របសម្រួលឱ្យអតីតពលករជាច្រើនឱ្យទទួលបានការងារធ្វើក្នុងរយៈពេលដ៏ខ្លី។ លោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូនេះដែលជាកត្តាស្នូលដ៏សំខាន់ក្នុងការប្តេជ្ញាចិត្តរួមដោយធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ជាពិសេសបន្ទាប់ពីវិបត្តិ។ សម្រាប់ UN គម្រោងនេះមិនមែនគ្រាន់តែជាការឆ្លើយតបទៅនឹងវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដ៏សំខាន់មួយលើភាពធន់ដល់សហគមន៍ងាយរងគ្រោះផងដែរ។
សម្រាប់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី គម្រោងនេះគឺជាការបន្តនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការជួយគាំទ្រដល់អតីតពលករ និងជនភៀសសឹកក្នុងទម្រង់ផ្សេងៗរួមទាំងការការពារស្ត្រី និងកុមារ ដែលជាតម្រូវការចាំបាច់សម្រាប់ក្រុមជនងាយរងគ្រោះ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងរួមចំណែកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រាលទុក្ខលំបាកដល់អតីតពលករ និងជនភៀសសឹក ហើយរាជរដ្ឋាភិបាលជប៉ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនិងអង្គការដៃគូដើម្បីគាំទ្រដល់ជនរងផលប៉ះពាល់ពីវិបត្តិព្រំដែននេះ៕





