ជប៉ុនបញ្ចេញសេចក្តីព្រមានឱ្យអ្នកស្រុកត្រូវប្រុងប្រយ័ត្ន! ខណៈភ្នំភ្លើងនៅSakurajima បញ្ចេញផ្សែងនិងព្រួសផេះ ឡើងទៅលើអាកាសជាថ្មី
ភ្នំភ្លើងមួយដែលស្ថិតនៅតំបន់ Sakurajima (សាកូរ៉ាជីម៉ា)នៅភាគនិរតីនៃប្រទេសជប៉ុនបានផ្ទុះឡើងជាថ្មីម្តងទៀតកាលពីថ្ងៃអាទិត្យនេះ ដោយរណ្ដៅភ្នំភ្លើងឈ្មោះ Minamidake (មីណាមីដាកិ) បានបញ្ចេញផ្សែងខ្មួរខ្មាញ់ និងព្រួសផេះចេញមករាប់ពាន់ម៉ែត្រទៅលើអាកាសដែរ។ នេះគឺជាហេតុការណ៍ផ្ទុះឡើងជាលើកដំបូងពីរណ្ដៅភ្នំភ្លើង Minamidake ចាប់តាំងពីខែតុលាឆ្នាំមុន។ អាជ្ញាធរបានចេញសេចក្តីព្រមានអំពីសំណកល់ផេះភ្នំភ្លើងសម្រាប់ខេត្តដែលស្ថិតជុំវិញភូមិ Kumamoto, Kagoshima និង Miyazaki ថែមទៀតផង។ តំបន់ Sakurajima មានចម្ងាយប្រហែលជា ១០០០ គីឡូម៉ែត្រ នាភាគនិរតីនៃទីក្រុងតូក្យូ និងជាតំបន់មានភ្នំភ្លើងសកម្មបំផុតមួយរបស់ប្រទេសជប៉ុន។ វាធ្លាប់ជាកោះមួយកាលពីអតីតកាល ប៉ុន្តែលំហូរកម្អែលភ្នំភ្លើងបានបង្កើតជាដីល្បាក់ស្ពានទៅកាន់ឧបទ្វីប Osumi អំឡុងពេលផ្ទុះឡើងកាលពីឆ្នាំ ១៩១៤ ដែលបានសម្លាប់មនុស្ស ៥៨នាក់៕
សម្រួលអត្ថបទ៖ សុផារិន្ទ



